ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារយុវជន ស.ស.យ.ក.ខេត្តប៉ៃលិនចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះនៅលើទីទួលសុវត្ថិភាព

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រុមការងារសាខាកាកបាទក្រហមខេត្ត និងក្រុមការងារយុវជនស.ស.យ.ក.ខេត្តប៉ៃលិនបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឃុំស្ទឹងត្រង់ ដោយទទួលបានការឧបត្ថម្ភស្បៀងអាហារពីលោក អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ។ 

លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនបានដឹកនាំសមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្ត និងមូលដ្ឋានដោយមានការចូលរួមពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន  បានចុះជួយសង្គ្រោះ និងចែកស្បៀងអាហារជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ននៅលើទីទួលសុវត្ថិភាពចំនួន ២៥៣គ្រួសារ ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឆ្លៀតក្នុងឱកាសនោះលោកស្រីបាន ស្រីមុំ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកអុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រួសាររងគ្រោះទាំងអស់នាពេលនេះ។ ដោយលោក អុី ឈាន បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់ផ្នែកខាងក្រោមនៃខេត្តប៉ៃលិនរួមមានឃុំសាលាក្រៅ ឃុំអូរអណ្តូង ពិសេសឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ, សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារពីជំនន់ទឹកភ្លៀងដែលអាចបង្កឡើងជាយថាហេតុ។ បើមានសភាពការណ៍អ្វីមិនស្រួលពីជំនន់ទឹកភ្លៀង សូមរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ និងក្រុមការងារនៅប្រចាំការក្នុងឃុំ ឬក្រុមការងារយុវជនស.ស.យ.ក.នៅមូលដ្ឋានផ្ទាល់ដើម្បីក្រុមការងារបានជួយជម្លៀសនិងសង្រ្គោះពុកម៉ែបងប្អូនមករកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។ 

សូមជម្រាបថា ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តនិងក្រុមការងារយុវជនស.ស.យ.ក.ខេត្តប៉ៃលិនតាំងពីព្រឹកព្រលឹមថ្ងៃទី១០ខែតុលានេះបានជួយជម្លៀសពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមករកទីទួលសុវត្ថិភាពជាច្រើនគ្រួសារ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់បន្តជាប់គ្នាច្រើនម៉ោងតាំងពីថ្ងៃទី៩មកដល់ពេលនេះបានបង្កឱ្យមានការលិចលង់ផ្ទះសម្បែងរាប់រយខ្នងប៉ះពាល់ភោគផលដំណាំរាប់រយហិកតានិងសត្វពាហនៈជាច្រើនក្បាលរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដោយរងរបួស ឬបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅឡើយទេ៕ស សារ៉េត

...

             

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print