យ៉ាងហោចណាស់ក៏មានមនុស្ស ១៧នាក់ស្លាប់ និង ២៩នាក់រងរបួស ក្នុងហេតុការគ្រោះថ្នាក់រថភ្លើងបុករថយន្ត នាព្រឹកថ្ងៃទី១១ខែតុលា ស្ថិតនៅតំបន់ Bang Toey ស្រុក Muangខេត្ត Chachoengsaoប្រទេសថៃ ។
លោក Prathueng Yookassem មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្ត Chachoengsao បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អាចជាមូលហេតុបណ្តាលឲ្យ អ្នកបើកបររថយន្តក្រុង មើលមិនឃើញរថភ្លើងកំពុងតែមក។ រថយន្តក្រុងបានក្រឡាប់ ហើយក្បាលរថយន្តបុកខ្ទិចតែម្តង។ ក្រុមជួយសង្គ្រោះត្រូវប្រើរថយន្តស្ទូធុនធំទើបអាច ជួយដល់ពលរដ្ឋដែលជាប់ខាងក្នុង។ ពលរដ្ឋរងរបួស បានបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅក្នុងស្រុក Muang មានចម្ងាយពីទីក្រុងបាងកក៥០គីឡូម៉ែត្រប៉ុណ្ណោះ។
តាមសារព័ត៌មាន Bangkok post បានផ្សាយថា រថយន្តក្រុងដឹកមនុស្សប្រមាណ៦០នាក់ពីខេត្ត សាមុត ប្រាកាន(Samut Prakan) ទៅចូលរួមពិធីបុណ្យ កឋិនទាន។
តំបន់ដែលរងគ្រោះ គឺជាផ្លូវមានរថភ្លើងឆ្លងកាត់ រវាងផ្លូវរថយន្ត និងរថភ្លើង ដោយមិនមាន របាំង ពេលរថភ្លើងឆ្លងកាត់ ងាយជួបគ្រោះថ្នាក់នៅពេលមេឃភ្លៀងខ្លាំង ។
គ្រោះថ្នាក់ផ្លូវគោកនៅក្នុងប្រទេសថៃ បានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ មូលហេតុដោយសារតែបើកហួសល្បឿន និងស្រវឹងស្រា។ កាលពីឆ្នាំ២០១៩ អង្គការសុខភាពពិភពលោកបានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ផ្លូវគោក នៅថៃឈរលំដាប់ទីពីរលើពិភពលោក ៕ ដោយ៖ធីរីណា