ស្រូវប្រជាកសិករ ៦៧ហិកតា នៅឃុំចន្ទ្រា កំពុងប៉ះពាល់ដំណាំដោយជំនន់ទឹកភ្លៀង 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បាន ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា

ជំនន់ទឹកភ្លៀងក៏បានវាយប្រហារខេត្តស្វាយរៀងផងដែរ ដោយបានប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន៦៧ហិកតា ក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទាខណះក្រុមការងារមន្ទីរកសិកម្ម និងអាជ្ញាធរស្រុកចន្ទ្រា បានចុះពិនិត្យជាក់ស្ដែងដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។

ដោយផ្អែកលើរបាយការណ៍របស់លោកមេឃុំចន្ទ្រា និងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្របពេលមានការបើកទ្វារទឹកមកពីខាងលើ មានអាងទឹកដូនទយ អាងទឹកធ្លកកំបុត និងអាងទឹកស្វាយយា បណ្ដាលឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋ និងដោយសារតំបន់នោះជាតំបន់ធ្វើស្រូវប្រដេញទឹករៀងរាល់ឆ្នាំនៅខែវិច្ឆិកា ប៉ុន្តែពួកគាត់បានធ្វើស្រូវប្រដេញទឹកនៅដើមខែកញ្ញា ដោយសារពួកគាត់ខ្លាចខ្វះទឹកជាហេតុនាំឲ្យជួបបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀង (ស្រូវអាយុកាល២០ថ្ងៃ)។

លោកបានបន្តថា ដោយផ្អែកតាមការពិនិត្យជាក់ស្តែងផ្ទៃដីសរុបពីរភូមិមានចំនួន ៦៧ហិកតា ប៉ះពាល់ ៣៥ហិកតា ខូចខាតសរុប ៣២ហិកតាស្មើនឹង ២៦គ្រួសារ។ ក្នុងនោះ ភូមិសែនតផ្ទៃដីសរុប ៣៥ហិកតា ប៉ះពាល់សរុប ២៥ហិកតា ខូចខាតទាំងស្រុង ១០ហិកតា ស្មើ១០គ្រួសារ, ភូមិចន្ទ្រាផ្ទៃដីសរុប ៣២ហិកតា ប៉ះពាល់១០ហិកតា ខូចខាតទាំងស្រុង ២២ហិកតា ស្មើ១៦គ្រួសារ ផ្ទៃដីដែលប៉ះពាល់និងខូចខាតមានទីតាំងតាមមាត់អូរនិងបឹង។

លោកបានបន្តថា ក្នុងនាមមន្ទីរកសិកម្ម តែងតែជំរុញឲ្យកសិករយកចិត្តទុកដាក់ស្ដាប់តាមការណែនាំរបស់ការិយាល័យកសិកម្មស្រុក មន្ទីរកសិកម្ម និងការព្យាករណ៍ឧតុនិយម មុនសម្រេចចិត្តធ្វើការដាំដុះ និងជ្រើសពូជដែលធន់នឹងការរាំងស្ងួត ទឹកជំនន់ និងត្រៀមពូជសម្រាប់ធ្វើការដាំដុះស្ដារឡើងវិញនៅពេលទឹកស្រក៕ ដោយ៖ យឹម  សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print