ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃ១២ ខែតុលា នេះថា៖ នៅសល់ប្រមាណជា៣ ទៅ៤ ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី ១២ ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកអស់មកជាធម្មតាវិញ ខណៈក្រុមការងារបាននឹងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពី រសៀល និងយប់ថ្ងៃទី១១ ខែតុលា ដោយចាប់ពីម៉ោង ២និង៣០នាទីរសៀល រហូតដល់ម៉ោង១រំលង
អាធ្រាត្រ។
ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈលោក ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរ ដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយ បូមទឹកបឹងទំពន់ នាព្រឹកថ្ងៃទី១២ ខែតុលានេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ខណៈយើងប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន ០៣កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំងនៅបឹងសាឡាង និងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។
លោកបន្តទៀតថា ក្រោយពីក្រុមការងារបានសម្រុកបូមទឹកនៅ នៅស្ថានីយបឹងទំពន់នេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏បានស្រកអស់ផងដែរ ហើយវានឹងបន្តស្រក់នៅតំបន់មួយចំនួនទៀត ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បើមាន ភ្លៀងខ្លាំងបែបនេះទៀត គឺយើងបានត្រៀមរួចរាល់ហើយ ទាំងបញ្ជាការដ្ឋានអង្គរក្សដែលមានម៉ាស៊ីនជួយអន្តរាគមន៍ ១០ទៅ២០គ្រឿង ដើម្បីស្ដារស្ថានភាពឲ្យមកដំណើរការជាធម្មតាវិញ ។
លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញដោយសារការលិច លង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងខ្លាំងខ្លាំងណាស់ដើម្បីដោះស្រាយលើការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយសារ តែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។
លោកបន្តថា៖ គ្រោះធម្មជាតិកាលពីយប់មិញជា គ្រោះ ធម្មជាតិមួយដែលរាជធានីភ្នំពេញរបស់យើងមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀតក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។ លោកថា៖ ឆ្នាំខាងមុខយើង នឹងយកកម្រិតទឹកភ្លៀងនៅពេលនេះធ្វើជា ទេហិក ដើម្បីរៀបចំ ម៉ាស៊ីនបូមទឹក ប្រឡាយអាងស្តុកទឹកឱ្យមានស្ថេភាពល្អប្រសើរទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា៖ កំណាត់ផ្លូវ៣៧១នៅចំណុច ស្ថានីយបឹងទំពន់នេះ កាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញបានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញកាលពីព្រឹកថ្ងៃទី១២ ខែតុលានេះហើយ ស្ថានភាពនៅស្ថានីយនេះឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ៕ សំរិត