លោក ឃួង ស្រេង បានណែនាំឲ្យ កម្លាំងកងរាជអាវុធហត្ថ ត្រូវបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ ដល់កងកម្លាំងកងរាជអាវុធហត្ថ ត្រូវបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា  ដើម្បីធានាបានសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្តក្នុងម្លប់សន្តិភាព ។

  លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដូនពេញ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។

     លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានណែនាំ ឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋានលើការងារជួយសង្គ្រោះ ក្នុងហេតុការណ៍ណាមួយដូចជាគ្រោះមហន្តរាយ គ្រោះអគ្គិភ័យនិងការ អន្តរាគមន៍ចំពោះករណីគ្រោះទឹកជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុ ។ 

    លោកបានបញ្ជាក់ថា៖ កិច្ចការងារជួយសង្គមបន្ថែមនេះ  គឺបានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានជាច្រើន ខណៈដែលកងកម្លំាងរាជអាវុធហត្ថរាជ ធានីភ្នំពេញបានបំពេញការងារស្នូររបស់ខ្លួនយ៉ាងសកម្ម ដូចជាការបង្រ្កាបបទល្មើសនិងបញ្ហាអសន្តិសុខ នានា សង្គម ដែលធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកអភិបាលរាជធានីភ្នំពេញក៏បានបន្តអំពាវនាវដល់កម្លំាងសមត្ថកិច្ចនេះឱ្យត្រៀមលក្ខណៈជួយអន្តរាគមន៍ ការពារសុវត្ថិភាពសង្គម និងការពារសន្តិភាពឱ្យបានគង់វង្ស ខណៈដែលក្រុមជ្រុលនិយម នៅក្រៅច្បាប់មិនទាន់លះបង់គំនិតបំផ្លាញសេចក្តីសុខ និងសុខសន្តិភាពរបស់កម្ពុជានៅឡើយទេ។

    ជាក់ស្តែងមេដឹកនាំសហជីពខ្លះមួយចំនួនបានបំផុសឱ្យកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើកូដកម្មមិនចូលធ្វើការងារ ក្រោមហេតុផលមិនសមរម្យនិងមានចរឹកនយោបាយញុះញ៉ុង រុញឱ្យខ្លោចដុតឱ្យឆៅ ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗផ្ទុយពីច្បាប់ ។ 

      លោកបានណែនាំឱ្យកម្លំាងសមត្ថកិច្ចទំាងអស់មិនត្រូវធ្វេសប្រហែសបានឡើយ ដោយត្រូវគោរពតាមបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមការពារកុំឱ្យពួកក្រុមឧទ្ទាម ពួកក្បត់ជាតិបានសម្រេចបំណងប្រាថ្នាបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។ 

     កម្លាំងប្រដាប់អាវុធយើងមិនត្រឹមតែ បំពេញការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងត្រៀមអន្តរាគមន៍ដ៏មានប្រសិទ្ធភាពលើកគ្រប់ភារកិច្ចសង្គមទាំងអស់ ។ត្រៀមរង់ចាំអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងករណីផែនការទប់ស្កាត់វិលត្រឡប់ចូលស្រុកជាលើកទី២ របស់ទណ្ឌិត សមរង្ស៊ីនិងបក្សពួក ដើម្បីធានាប្រក្រតីភាពសង្គម រក្សាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងធានាបាននូវការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធ ភាពខ្ពស់ ចំពោះមេក្លោងបដិវត្តពណ៌ ។ 

     លោក នាយឧត្តមសេនីយ៍  សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ផងដែរថា កងរាជអាវុធហត្ថទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថានាពេលខាងមុខសភាពការណ៍ពិបាកនឹងសន្និដ្ឋាន ដោយសារជំងឺកូវីដ១៩និងឧបាយកលបំផ្លាញសន្តិភាពមិនដឹងថាបទល្មើសអ្វីខ្លះវានឹងអាចកើតមានឡើង ពិសេសត្រូវយកចិត្តទុកដាក់លើវិធានការតាមដានក្តាប់ឱ្យជាប់នូវរាល់ព័ត៌មានប្រែប្រួល ការងារអប់រំពង្រឹងផ្នែកនិតិវិធី ធ្វើជាគំរូល្អសម្រាប់ការគោរពវិន័យកងទ័ព គំរូក្នុងការប្រតិបត្តិច្បាប់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងប្តេជ្ញាការពារដាច់ខាតច្បាប់រដ្ឋធមនុញ្ញ ។

    ដើម្បីសម្រេចបានភារកិច្ចទំាងអស់នេះ លោក សៅ សុខាបានដាក់ទិសស្លោក ជួយគិតជួយធ្វើរួមគ្នាទទួលខុសត្រូវ។ចំពោះប្រទេសជាតិវិញត្រូវតែការពារ បម្រើប្រជាពលរដ្ឋហើយរាល់បទល្មើសត្រូវតែបង្រ្គាប ។ 

   លោកបានបញ្ជាក់ថា ដើម្បីអនុវត្តន៍នូវតួនាទីនិងភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន កំណត់យកកិច្ចការអាទិភាពចំនួន ៧ ធ្វើជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាព មានដូចជា ការហូបចុកសម្លៀកពាក់ការសាង សង់សំណង់អាគារសម្រាប់ស្នាក់នៅធ្វើការរៀនសូត្រ ការថែទាំសុខភាព ការអប់រំហ្វឹកហ្វឺននិងរៀនសូត្រការធានាមធ្យោបាយ ធ្វើ ដំណើរឧបករណ៍សម្ភារគ្រឿងបំពាក់និងកម្សាន្តលំហែ គោលនយោបាយលើកទឹកចិត្ត ព្រមទាំងដោះស្រាយនូវពេលជួបទុក្ខលំបាក ៕

       

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print