ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ម្ចាស់ផ្ទះធ្វើទារុណកម្មយ៉ាងឃោរឃៅលើអ្នកបំរើមកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ដាំង រស្មី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេផ្ទះ។
ជនរងគ្រោះឈ្មោះ ផាត សុរីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើនៅតាមផ្ទះ មានស្រុកកំណើតនៅភូមិ អូរអង្គរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឪពុក ឈ្មោះ សោម ផាត អាយុ៤២ ឆ្នាំ មុខរបរកសិករ។
មា្តយឈ្មោះ សន សុក ភេទស្រីអាយុ៤៧ឆ្នាំ មានទីលំនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងតាខ្មៅដែលទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះថា៖នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មីងបង្តើតរបស់ឈ្មោះ ផាត សុរីន (ជនរងគ្រោះ) ឈ្មោះសុខ ស្រី មុំ អាយុ មិនដឹង ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ ជាមួយគ្នាបាននាំក្មួយឈ្មោះផាត សុរីនមកធ្វើការជាអ្នកបំរើនៅផ្ទះរបស់ឈ្មោះ ដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពេលដែលរូបនាង មកធ្វើការជាអ្នកបំរើនៅផ្ទះថៅកែស្រី ឈ្មោះ ដាំង រស្មី តែងតែប្រើអំពើឃោរឃៅ វាយដំមកលើរូបនាងរហូត គឺយក វែកសម្លវាយក្បាល វាយមុខ បណ្តាលអោយបែកហូរឈាម ពេលខ្លះទៀត បានកាបិតប៉័ងតោ វាយក្បាល និងដាច់មុខ បណ្តាលអោយបែកហូរឈាម ជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬ ទិញថ្នាំអោយនាងលេបទេ ហើយបង្ខំអោយនាងធ្វើការងារផ្ទះ ទោះបីជានាង ឈឺក៏ដោយ ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថៅកែស្រីបានប្រើអោយយក កូនចានបបរ ស្លាបព្រា និងកែវមកអោយ តែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រី យកវែកសម្លវាយបែកចិញ្ចើមខាងស្តាំបែកហូរឈាម ភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់ យកអាវ មកទប់ឈាម កុំអោយហូរ លុះស្អែកឡើងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានប្រើអោយនាង អាំងត្រី និងមើលសម្លដែលថៅកែស្រីរបស់នាងអោយមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាង បានយកវែកវាយចំចិញ្ចើម មុខខាងឆ្វេង បណ្តាលអោយបែកហូរឈាម ចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វាយ ហើយពេល
នោះដែរថៅកែស្រីនាង បានប្រើអោយនាង មកទិញទឹកត្រី នាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុបជិះអោយជូនមកស្ថានីយ៍វិទ្យុ ABC នៅសង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ អោយជួយ ប្រាប់ទៅម្តាយ ពេលដែលបានឮពត៌មានតាមវិទ្យុABC ផ្សាយ កម្លាំងជំនាញសហការណ៍ជាមួយនគរបាលក្រុងតាខ្មៅតាមបញ្ជារស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារី ខេត្តនិងការិយាលយ័ សង្គមកិច្ច ក្រុង និង មន្ត្រីជំនាញមន្ទីរសង្គមកិច្ចបានចុះទៅដល់កន្លែងស្ថានីយ៍វិទ្យុABC និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជនរងគ្រោះហើយបាននាំជនរងគ្រោះទៅពិនិត្យរបួលស្នាម លើរាងកាយនិងការពិនិត្យផ្លូវភេទ។
នៅម៉ោង១៩ៈ០០ ជនសង្ស័យបានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕ ឆ ដា