អន្តរជាតិ៖ បុរសខ្លាំង Emomali Rahmon វ័យ៦៨ឆ្នាំ ដែលជាមេដឹកនាំប្រទេសតាហ្ស៊ីគីស្ថាន បន្តដឹកនាំប្រទេសដល់៣ទសវត្សរ៍ ខណៈដែលដឹកនាំប្រទេសនេះតាំងពីឆ្នាំ១៩៩៤ និងបានឈ្នះឆ្នោតអាណត្តិថ្មី ជាមួយសំឡេងបោះឆ្នោតគាំទ្ររហូតដល់ជាង៩០ភាគរយ។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី ១១ ខែតុលា ឆ្នាំ២០២០ ប្រទេស តាហ្ស៊ីគីស្ថាន បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលអ្នកចេញទៅបោះឆ្នោតមាន ៨៥ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុប៤,២លាននាក់។ ទើបគណៈកម្មាការរៀបចំការបោះឆ្នោតតាហ្ស៊ីគីស្ថាន បានស្រង់លទ្ធផលឆ្នោតបឋម ដោយបង្ហាញថា លោក Emomali Rahmon ទទួលសំឡេងបោះឆ្នោតគាំទ្ររហូតដល់ជាង៩០ភាគរយ ហើយជាមួយលទ្ធផលនេះ លោក នឹងបន្តដឹកនាំក្នុងអាណត្តិ៧ឆ្នាំថ្មី។
សូមជម្រាបថា បុរសខ្លាំងវ័យ៦៨ឆ្នាំរូបនេះ គឺមកពីគណបក្សប្រជាធិបតេយ្យរបស់ប្រជាជន ដែលជាបក្សកាន់អំណាច បានផ្ដួលគូប្រជែង៤នាក់ផ្សេងទៀត តែគ្មានបក្សប្រឆាំងណាមួយមានកម្លាំងស្មើបក្សលោកសោះ។ ប៉ុន្តែបើទោះបីជាការឈ្នះឆ្នោតឡើងវិញ សម្រាប់រដ្ឋាភិបាលអាណត្តិថ្មីរបស់លោកប្រធានាធិបតី Rahmon នឹងប្រឈមមុខដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ–១៩ ខណៈពលរដ្ឋតាហ្ស៊ីគីស្ថានមួយលាននាក់ កំពុងបម្រើការនៅក្រៅប្រទេស ជាពិសេស រុស្ស៊ី។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា ភាគច្រើននៃអ្នកបោះឆ្នោតនៅរដ្ឋធានី ឌូស្ហាន់បេ គឺពួកគេបោះឆ្នោតឲ្យលោក Rahmon ដោយលើកឡើងពីសារសំខាន់នៃសន្តិភាពនិងស្ថិរភាពក្នុងពេលជាង២០ឆ្នាំមកនេះ ដែលកើតចេញពីការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ។
ដោយឡែក ស្រ្តីវ័យ៦៦ឆ្នាំម្នាក់ ឈ្មោះ Safar Mallayev បានប្រាប់ទីភ្នាក់ងារ AFP ដែរថា៖«សន្តិភាព គឺជារឿងដ៏សំខាន់មួយ។ ប្រសិនបើយើងមានសន្តិភាព វាមានន័យថា អ្វីគ្រប់យ៉ាងនឹងល្អ»។
គួរបញ្ជាក់ថា មេដឹកនាំប្រទេសតាហ្ស៊ីគីស្ថានរូបនេះ ត្រូវបានបោះឆ្នោតឲ្យឡើងជាធ្វើប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ១៩៩៤ (អាណត្តិ៥ឆ្នាំ) ហើយជាប់ម្ដងទៀត នៅឆ្នាំ១៩៩៩ (អាណត្តិ៧ឆ្នាំក្រោយកែរដ្ឋធម្មនុញ្ញរួច), ២០០៦ និងឆ្នាំ២០១៣។ ការកែរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៦ថ្មី ក៏អនុញ្ញាតឲ្យបក្សលោក Rahmon ដឹកនាំដោយគ្មានកំណត់អាណត្តិផងដែរ៕ដោយ៖ស តារា