អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រឹក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និងវត្តមាន លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រឹក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្លូវរត់យន្តហោះ(Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរ ការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ខាងមុខនេះ​ ដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឫយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមក​ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

គួរកត់សម្គាល់ថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនផងដែរ។

ដើម្បីប្រើប្រាស់សក្តានុពល​ដ៏សំបូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតំរូវការជាក់ស្តែង​ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានពង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print