ភ្នំពេញ៖ អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង របស់ក្លិបអារុណរះកីឡា វ័យ១៧ឆ្នាំ និងជាកីឡាករជម្រើសជាតិផ្នែកប្រដាល់សាកលធ្លាប់ចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី១៧-១៨ បានសន្យាចំពោះមុនលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាថា ខ្លួននឹងមិនរៀបអាពាហ៍ពិពាហ៍មុនស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ ។
ការសន្យារវាងកីឡាករពេជ្រ ម្ទេសខ្មាំងនិង លោកប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ខាងលើធ្វើឡើង កាលពីល្ងាច់ថ្ងៃអាទិត្យទី៧ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅ នៅសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខណៈលោកបានអញ្ជើញទៅទស្សនាការប្រកួតរបស់កីឡាករ ពេជ្រ ម្ទេសខ្មាំង វគ្គជម្រុះ១៦នាក់ ក្នុងកម្មវិធី TIFFY SUPER FIGHT ដំណាក់កាលទី២ឈានទៅដណ្តើមកៅអីវគ្គទី៣វគ្គ៨នាក់ ។
លោក តែម ម៉ឺន បានចូលទៅក្នុងបន្ទប់កំដៅសាច់ដុំរបស់កីឡាករ ពេជ្រ ម្ទេសខ្មាំងហើយបានសួរម្ទេសខ្មាំងថា តើឆ្នាំណឹងម្ទេសខ្មាំងមានអាយុប៉ុន្មានហើយ? ម្ទេសខ្មាំងឆ្លើយថា ខ្ញុំអាយុ១៧ឆ្នាំហើយ។ តើម្ទេសខ្មាំងឯការប្រពន្ធហើយឬនៅ? ម្ទេសខ្មាំងឆ្លើយថា បាទខ្ញុំនៅមិនទាន់មានប្រពន្ធទេអ៊ុំ ។ អើ! បើចឹងកុំទាន់រៀបការអីណា! ចាំប្រកួតកីឡាស៊ីហ្គេម២០២៣សិន ចាំការប្រពន្ធឭទេ កុំទាន់ការណា! ។
ក្រោយពីបានបញ្ចប់ការសន្ទនា រវាងលោក តែម ម៉ឺននិងកីឡាករ ពេជ្រ ម្ទេសខ្មាំងនោះ អ្នកយកព័ត៌មានគនរវត្តបានចោទជាសំនួរ ទៅកាន់កីឡាករ ពេជ្រ ម្ទេសខ្មាំងភ្លាមៗ ដោយសួរថា តើហេតុអ្វីបានជាម្ទេសខ្មាំងឯក សន្យាជាមួយគាត់មិនយកប្រពន្ធបែបនេះ? តាមពិតទៅបើគាត់(លោកតែម ម៉ឺន)មិនខតខ្ញុំក៏ខ្ញុំមិនទាន់ចង់បានប្រពន្ធដែរ។
កីឡាករ ពេជ្រ ម្ទេសខ្មាំងបានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា តើចាំបាច់អីរងចាំដល់ឆ្នាំ២០២៣នោះ? “សម្រាបខ្ញុំត្រឹមឆ្នាំ២០១៧ស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីលើកទី១៩ខ្ញុំនឹងដណ្តើមយកមេដាយមកជួនជាតិឲ្យខាងតែបាន” បងចាំមើលទៅ។
អ្នកប្រដាល់រូបនេះបន្តថា ចំពោះខ្ញុំរឿងរៀបអាពាហ៍ពិពាហ៍ វាមិនសំខាន់សម្រាប់ខ្ញុំឡើយ អ្វីដែលសំខាន់គឺរឿងមេដាយស៊ីហ្គេម ហើយអ្វីដែលសំខាន់ជាងនេះគឺលុយឲ្យតែខ្ញុំមានលុយប្រពន្ធចាំគិតនៅពេលក្រោយ ៕
ដោយ៖ សារីម