អន្តរជាតិ៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ីលោក Luhut Pandjaitan បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអះអាងថា៖ រដ្ឋាភិបាលចិន នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតា ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។
ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី លោក Pandjaitan ក៏បានបញ្ជាក់ថាឥណ្ឌូណេស៊ី មានសមត្ថភាពខ្លាំងបំផុតសម្រាប់ការផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះដែរ លោក វ៉ាង យី ក៏បានប្រកាសជំហរចិនក្នុងការគាំទ្រក្រុមហ៊ុនរបស់ចិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ីលើផ្នែកមួយនេះ។ នេះបើយោងតាមទូរទស្សន៍Bloomberg ដែលផ្សាយសេចក្ដីថ្លែងការណ៍មួយនេះ ។
លោក Luhut Pandjaitan បានជួបជាមួយទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី កាលពីចុងសប្ដាហ៍មុននៅខេត្តយូណាន ប្រទេសចិន។ ខណៈដែលលោក Pandjaitan បានធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងនាមជាបេសកជនពិសេសប្រធានាធិបតី ចូកូ វីដូដូ។
គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី គឺជាគោលដៅមួយដែលកំពុងទទួលការសាកល្បងវ៉ាក់សាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac ។ចំណែកក្រុមអ្នកស្ម័គ្រចិត្តនៅទីក្រុងបាងឌុងរបស់ឥណ្ឌូណេស៊ី បានចូលរួមក្នុងការសាកល្បងដំណាក់កាលទីបី ដែលជាដំណាក់កាលចុងក្រោយ មុនឈានដល់ការផលិត។
ទោះជាយ៉ាងណា ឥណ្ឌូណេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏កំពុងធ្វើការលើការបង្កើតវ៉ាក់សាំងរបស់ខ្លួនដែលមានឈ្មោះថា Merah Putih ។ ខណៈរដ្ឋាភិបាលលោក វីដូដូ ចង់បានវ៉ាក់សាំងឲ្យគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន២៧០លាននាក់។
គួរបញ្ជាក់ដែរថា បើគិតមកដល់ពេលនេះ ឥណ្ឌូណេស៊ីមានករណីឆ្លង COVID-19 សរុបចំនួន ៣៣៣,៤៤៩ ករណី ខណៈពេលដែលករណីដែលបានជាសះស្បើយមាន ២៥៥,០២៧ ហើយស្លាប់ចំនួន ១១,៨៤៤ នាក់៕ដោយ៖ស តារា