ភ្នំពេញ៖ ទិដ្ឋភាពទីក្រុងភ្នំពេញមុនពេលសម័យកម្ពុជាប្រជាធិបតេយ្យត្រូវបានរៀបចំឲ្យមានសារជាថ្មីក្រោយពីខ្សែភាពយន្តដែលដឹកនាដោយលោកស្រីអេនជេ លីណា ជោលី (Angelina Jolie)កំពុងបន្តការថតរបស់ខ្លួនទៅដល់ក្រុងបាត់ដំបង។
រូបភាពច្រើនសន្លឹកដែលតារាភាពយន្ដ Hollywood រូបនេះ កំពុងដឹកនាំរឿងនៅខេត្តបាត់ដំបង ដែលជាខ្សែភាពយន្ដឯកសារស្ដីពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហមបានធ្វើឲ្យគេនឹកឃើញដល់រូបភាពទីក្រុងភ្នំពេញមុនពេលដែលទីក្រុងនេះ ញាំញីដោយសង្គ្រាម ។ ការបន្តដំណើរការផលិតខ្សែភាពយន្តលើទឹកដីខេត្តបាត់ដំបងនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមផលិតករបញ្ចប់ការថតប្លង់ជាច្រើនលើទឹកដីខេត្តសៀមរាប ។ អ្វីដែលគេចាប់អារម្មណនេះ គឺក្រោយពេលដែលរូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានចាត់ទុកការថតរឿងនេះថា ពិតជាមានសារៈប្រយោជន៍ដល់ការយល់ដឹងបន្ថែមអំពីជីវិតរស់នៅពិតក្នុងរបបវាលពិឃាត (១៩៧៥-១៩៧៩) ។
យានយន្តចាស់ៗ ការតុបតែងស្លាកយីយោ ឲ្យទីក្រុងបាត់ដំបងក្លាយជាទីក្រុងភ្នំពេញ ពីអតីតកាលត្រូវបានធ្វើឡើងអស់ជាច្រើនថ្ងៃមុនពេលការផលិតក្នុងអំឡុងពិធីចូលឆ្នាំប្រពៃណីចិន ។
សម្ដេចតេជោហ៊ុន សែន បានសរសេរនៅលើ Page របស់ខ្លួនឲ្យដឹងថា ការចូលរួមផលិតខ្សែភាពយន្តឯកសារស្តីពីប្រវត្តិជីវិតក្នុងប្រល័យពូជសាសន៍របបប៉ុលពត(១៩៧៥-១៩៧៩)ដែលកំពុងរៀបចំដោយលោកស្រីអេនជេលី ណាជោលី តារាភាពយន្តHollywood អាមេរិក គឺពិតជាមានសារៈប្រយោជន៍ដល់ការយល់ដឹងបន្ថែមអំពីជីវិតតស៊ូរស់នៅពិតក្នុងរបបវាលពិឃាត ។
ដោយសារសង្គ្រាម និងការកាប់សម្លាប់ការបង្ខំធ្វើការលើសកម្លាំងការបង្អត់អាហារនៅក្រោមការដឹកនាំរបស់ប៉ុល ពត ទើបធ្វើអោយពលរដ្ឋខ្មែរជាច្រើនលាននាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ។ យុវជនខ្មែរដែលកើតមិនទាន់មួយចំនួនគឺមិនប្រាកដជាមិនជឿថា ខ្មែរយើងមានរបបបែបនេះកើតមាននៅលើទឹកដីកម្ពុជា ។ អ្វីដែលកើតឡើងនៅពេលនោះ គឺយើងមិនអោយកើតឡើងជាបន្តទៀតនៅលើទឹកដីកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗទៀត។
សម្តេចបន្តថា «ប្រទេសជាតិយើងនៅពេលនេះគឺកំពុងបោះជំហានឆ្ពោះទៅមុខក្រោមម្លប់សន្តិភាពនិងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោហ៊ុនសែនដែលជាទីសង្ឃឹមរបស់កម្ពុជាទាំងមូល ។ យើងរួមគ្នាថែរក្សាការពារសន្តិភាពដើម្បីកម្ពុជាកាន់តែរីកចម្រើនលូតលាស់ខ្ពស់ត្រដែតទៅមុខជានិច្ច ។ សន្តិភាពបានផ្តល់ឱកាសដល់បរទេសមកកំសាន្តមកប្រកបអាជីវកម្មនិងមកផលិតខ្សែភាពយន្តនៅក្នុងប្រទេសយើងដូចជាតារាហូលីវូដនេះជាដើម» ។
តួសម្តែងសុទ្ធតែជាតារាក្នុងស្រុកខ្មែរទាំងអស់ដែលក្នុងនោះដែរ កុមារា និងកុមារីជាង២៥០នាក់ ត្រូវបានជ្រើសរើសឲ្យដើរតួផងដែរ ។ ក្រៅពីតារាចម្រៀងល្បីរបស់កម្ពុជា លោកព្រាប សុវត្តិ មានអ្នកនាងស្វែង សុជា តាលោកទេពរិន្ទ ដារ៉ូ លោកសាវិន ហ្វីលីប លោកហម ឈរ៉ា កញ្ញាឌី សូនីតា និងកញ្ញាម៉ារី ណែត ជាដើម ។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ :ការចងចាំរបស់កុមារីកម្ពុជាម្នាក់» ត្រូវបានដឹកនាំការផលិតដោយអ្នកស្រី អេនជី លីណា ជោលីដែលបានធ្វើការសហការជាមួយនឹងផលិតករខ្មែរដ៏ល្បីល្បាញគឺលោករិទ្ធីប៉ាន់ ។ ការផលិតភាពយន្តនឹងចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៦ ដែលតារាសម្តែងទាំងអស់នៅក្នុងខ្សែភាពយន្តនេះគឺជាប្រជាជនកម្ពុជា ។ ខេត្តសៀមរាប និងខេត្តបាត់ដំបងនឹងក្លាយជាទីតាំងសំខាន់ក្នុងការផលិតខ្សែភាពយន្តនេះត្រូវបានធ្វើលំនាំតាមសៀវភៅ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ :ការចងចាំរបស់កុមារីកម្ពុជាម្នាក់» របស់សកម្មជនសិទ្ធិមនុស្សអាមេរិកដើមកំណើតខ្មែរឈ្មោះអ្នកស្រី លឿង អ៊ឹង ។ ក្រោយផលិតរួចភាពយន្ដនេះនឹងដាក់សម្ពោធតាមប្រព័ន្ធចែកចាយឌីជីថល (Netflix) នៅចុងឆ្នាំ២០១៦ ព្រមទាំងដាក់ប្រកួតយកពានរង្វាន់ពីមហោស្រពភាពយន្ដល្បីៗក្នុងលោកផងដែរ ៕
ដោយ៖ វឌ្ឍនា