សហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ (FPF) បានប្រកាសថាកីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្រុមសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC Sport ចុះផ្សាយនៅព្រឹកថ្ងៃពុធនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ FPF បានឲ្យដឹងថា កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo កំពុងអនុវត្តពិធីសារបានល្អដោយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងស្ថិតនៅដាច់ដោយឡែកពីគេ ។
ព័រទុយហ្គាល់បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយបារាំងនៅទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ និងឈរនៅលើកំពូលតារាងក្នុងពូលដោយស្មើពិន្ទុជាមួយក្រុមអតីតជើងឯកពិភពលោកបារាំង។
ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករអឺរ៉ុបដំបូងគេដែលអាចរកគ្រាប់បាល់បាន១០០ គ្រាប់ជាអន្ដរជាតិក្នុងវិស័យបាល់ទាត់បុរស ហើយកីឡាកររូបនេះនឹងអវត្តមាននៅពេលព័រទុយហ្គាល់ជួបស៊ុយអែតក្នុងការប្រកួតជម្រុះតាមពូលនៃកម្មវិធី Nations League នៅថ្ងៃពុធនេះ។
ដោយសាររយៈពេលនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគេ Ronaldo ក៏ត្រូវខកខានការប្រកួតរបស់ក្របខ័ណ្ឌអុីតាលី Serie A របស់ក្រុមJuventus ជាមួយក្រុម Crotone នាថ្ងៃទី១៧ ខែតុលាខាងមុខ និងការប្រកួតបើកឆាកពូលនៃក្របខ័ណ្ឌ Champions League ជាមួយក្រុមDynamo Kiev នៅថ្ងៃទី២០ ខែតុលា។
ក្រុមម្ចាស់ជើងឯកអុីតាលីមួយនេះបន្ទាប់មកនឹងត្រូវជួបក្រុម Verona ក្នុងលីគនៅថ្ងៃទី២៥ ខែតុលា និងប៉ះក្រុម Barcelona នៅក្នុងការប្រកួតលីគកំពូលអឺរ៉ុបលើកទី២ របស់ពួកគេនៅថ្ងៃទី២៨ ខែតុលា។
ជាមួយគ្នានោះ Cristiano Ronaldo បានបង្ហោះរូបថត Selfie ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃចន្ទដោយបានសរសេរចំណងជើងថា “United on and off the field!” ផងដែរ ៕ដោយ៖ភារៈ