ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេស ហេដ្ឋាររចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ និង លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យជនមានពិការភាព អាចប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌជាតិបាន ដែលមន្ដ្រីរាជការមាន២ភាគរយ និងវិស័យឯកជនមាន១ភាគរយ។ ក្នុងនោះ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានជ្រើសរើសមន្ដ្រីរាជការ ដែលមានពិការភាពលើស២ភាគរយ។

ឆ្លៀតក្នុងឱកាសនោះ លោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយអភិវឌ្ឍជាតិ ដែលបានប្ដេជ្ញាថែរក្សាសន្ដិភាព ដោយសំដៅលើគោលការណ៍ឯករាជ្យ និងគោរពសិទ្ធិមនុស្ស ហើយសិទ្ធិជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ក្នុងគោលបំណងការពារផលប្រយោជន៍ទប់ស្កាត់ និងកាត់បន្ថយលុបបំបាត់ ការរើសអើងជនមានពិការភាព ដើម្បីធានាសិទ្ធិស្មើភាពគ្នារវាង ជនពិការភាព និងជនមិនមានពិការភាព។

លោកបន្ដថា ទាំងនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវបរិញ្ញាប័ណ្ណ និងសមាសភាពសម្រាប់ជនមានពិការភាព ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩ និងឆ្នាំ២០២៣នេះឡើង ក្នុងទិសដៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ចការរើសអើងជនមានពិការភាព ធ្វើយ៉ាងណាឲ្យជនមានពិការភាព កាន់តែទទួលបាននៅការគាំទ្រក្នុងសង្គម និងបង្កើនគុណភាព នៃជីវិតកាន់តែល្អប្រសើរឡើង។

ជាងនេះទៅទៀត លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា ជាការពិតណាស់ រាជរដ្ឋាភិបាល មានការវិនិយោគវិស័យពិការភាព ជាច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបាននិងកំពុងតែដើរលើផ្លូវត្រូវ ក្នុងការស្ដារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសបានការពារសុខសន្ដិភាព។

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពីពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋាររចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីលិខិតូបករណ៍ជាតិ និងអន្ដរជាតិ, ផ្សព្វផ្សាយនិងជំរុញ ការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០៣, ផ្សព្វផ្សាយបទដ្ឋានបច្ចេកទេស ហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print