ជើងខ្លាំងខាងឆបោកប្រាក់ឈ្មោះ សៀង សីហា ជាង២៤ម៉ឺនដុល្លារត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយគេចខ្លួនជិត២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ សៀង សីហា ដែលល្បីល្បាញខាងប្រើល្បិចឆបោកប្រាក់របស់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ចំនួនជាង២៤ម៉ឺនដុល្លារអាមេរិកនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីពេលថ្មីៗនេះ ក្រោយគេចខ្លួនពួនអាត្មាអស់រយៈពេលជិត២ឆ្នាំមក។
ប៉ុន្តែក្រោយពេលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារ បែរជាលេចឮព័ត៌មានថា ជើងខ្លាំងខាងឆបោករូបនេះ កំពុងរត់ការសុំដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នទៅវិញ ។

តាមប្រភពព័ត៌មានដែលយើងទើបទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជើងខ្លាំងខាងឆបោកឈ្មោះ សៀង សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានលោក ហម ម៉េងសែ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។

ជើងខ្លាំងខាងឆបោកឈ្មោះ សៀង សីហា ត្រូវបានលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនតាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ តែទើបចាប់ខ្លួនបាននាពេលថ្មីៗនេះ ។

តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ជើងខ្លាំងខាងឆបោកឈ្មោះ សៀង សីហា បានជំពាក់ប្រាក់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ថ្លៃទិញបេតុងសរុបចំនួនជាង២៤ម៉ឺនដុល្លារ ។ លុះក្រោយមក ឈ្មោះ សៀង សីហា បានចេញមូលប្បទានប័ត្រធនាគារ ស៊ីអាយអិបប៊ី ភីអិលស៊ី ជាច្រើនសន្លឹកឱ្យទៅក្រុមហ៊ុន ស៊ីផិក ខេមបូឌា ជាការទូទាត់សងប្រាក់ តែមូលប្បទានប័ត្រនេះ មិនអាចបើកប្រាក់បានទេ ដោយខាងធនាគារបានចេញលិខិតបញ្ជាក់ថា «សែកនេះគ្មានសាច់ប្រាក់នោះទេ»។

យោងលើអំពើនេះហើយ ទើបតុលាការសម្រេចចោទប្រកាន់និងចេញដីកាចាប់ខ្លួនឈ្មោះ សៀង សីហា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print