អធិការនគរបាលក្រុងតាខ្មៅបដិសេធចំពោះព័ត៌មានថាមានករណីទឹកជន់លិចអាងចិញ្ចឹមក្រពើនៅសង្កាត់តាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖  ក្រោយពីមានការចេញផ្សាយនៅលើទំព័ព័ត៌មានក្នុងស្រុកដែលចេញផ្សាយថា​ មានទីតាំងចិញ្ចឹមក្រពើ​មួយកន្លែងនៅភូមិព្រែកសំរោង៣  សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ មានប្រជាពលរដ្ឋជិតខាងមានការព្រួយបារម្ភ ខ្លាចក្រែងមានទឹកភ្លៀងជន់លិចហើយរួចចេញមកក្រៅ​នោះរួចមក សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានធ្វើការស្រាវជ្រាវ និងបានអះអាងថាមិនមានការជន់លិចអាងចិញ្ចឹមក្រពើនោះទេ សូមប្រជាពលរដ្ឋកុំព្រួយបារម្ភ​។ 

    លោក​ យី វណ្ណ​ដា​ អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២០​ថា​ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ពិតជាមានប្រជា​ពលរដ្ឋមួយគ្រួសារចិញ្ចឹមសត្វក្រពើប្រាកដមែន​។ តាមការអះអាងរបស់ម្ចាស់កសិដ្ឋាននោះនៅក្នុងអាងមានចិញ្ចឹមសត្វក្រពើប្រមាណជាង៣០០ក្បាល ។ 

    លោកអធិការបានបញ្ជាក់ថា អាងចិញ្ចឹមក្រពើនេះមិនងាយទឹកជន់លិចបានឡើយ ព្រោះអាងនេះមានកម្ពស់ខ្ពស់ខ្លាំងណាស់។ ទឹកបានត្រឹមតែជន់លិចក្បែរជើងរបងអាងចិញ្ចឹមក្រពើតែប៉ុណ្ណោះ លុះត្រាតែទឹកឡើង​៥ម៉ែត្រទៀតបានអាចលិចអាងក្រពើនេះបាន។ លោក​ យី​ វណ្ណ​ដា​ បានធ្វើសំណូម​ពរដល់បងប្អូនប្រជាពលរដ្ឋកុំមានការព្រួយ​បារម្ភអី​ និងបានធ្វើការសំណូមពរដល់សារព័ត៌មានមួយចំនួនមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានសូមធ្វើការស្រាវជ្រាវ និងសួរនាំអាជ្ញាធរឱ្យបានច្បាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំ។ 

   សូមបញ្ជាក់ថា អាងចិញ្ចឹមក្រពើខាងលើនេះមានទីតាំងក្នុងភូមិព្រែកសំរោង៣  សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ដោយមានរបងថ្មនិងសំណាញ់កម្ពស់ប្រមាណ៥ម៉ែត្រហ៊ុមព័ទ្ធជុំវិញផងដែរ៕

    

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print