លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលអំណោយអូប័រល្បឿនលឿននិងសម្ភារពីអង្គការការីតាសកម្ពុជា នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អង្គការការីតាសកម្ពុជាបានចូលរួមចំណែកជាមួយគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ដើម្បីមកប្រគល់ជូននូវសម្ភាររួមមានអូប័រល្បឿនលឿន២០គ្រឿង តង់៥០០ មុង៥០០ និងភួយ៥០០ នៅខេត្តពោធិ៍សាត់ដើម្បីដោះស្រាយការលំបាកគ្រោះទឹកជំនន់ ក៏ដូចជាការរួមចំណែករបស់សប្បុរសធម៌ក្នុងការ ជួយសម្រាលទុក្ខលំបាកមួយផ្នែក របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះ។ កម្មវិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១(គ.ជ.គ.ម)និងលោកគឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជា។

លោក គឹម រតនា អង្គការការីតាសកម្ពុជា មានគោលដៅរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យ ដែលអាចកើតមាន និងត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយ និងជួយដោះស្រាយការលំបាកពួកគាត់នូវតំរូវការជាមូលដ្ឋាន ដូចជា៖ ស្បៀងអាហារ ជំរក និង ព្រមទាំងជួយស្តារជីវភាពនៅក្រោយទឹកជំនន់ រឺគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ 

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ ចំពោះអង្គការការីតាសកម្ពុជា ដែលជានិច្ចកាលតែងតែដើរតួជាដៃគូល្អ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាល់ពេលមានគ្រោះមហន្តរាយម្តងៗ។ ជាការកត់សម្គាល់ក្រៅតែពីអង្គការការីតាស មានសប្បុរសជនជាច្រើន បានផ្តល់ស្បៀងអាហារ និងថវិការបស់ពួកគេ ជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបន្តថា ការរួមចំណែករបស់សប្បុរសជន ជាការជួយសម្រាលការលំបាករបស់រាជរដ្ឋាភិបាល និងប្រជាជន ។ ការជួយនេះក៏បង្ហាញឱ្យឃើញពីកាយវិការគាំទ្រ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លើសពីនេះលោក ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ការរួមចំណែករបស់សម្បុរសជន ជាកាយវិការសប្បុរសដ៏ឧត្តុង្គឧត្តម្ភ។ នៅពេលជាតិយើងមានការលំបាក យើងត្រូវរួមគ្នាជម្នះការលំបាកទាំងនេះ។ ដូច្នេះការចូលរួមពីសម្បុរសជន មកពីគ្រប់ផ្នែកជារឿងដ៏ល្អ។ កាយវិការនេះ ក៏បង្ហាញពីការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ»។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសមរភូមិគ្រោះមន្តរាយ បានវាយតម្លៃខ្ពស់បំផុតចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយគ្រោះទឹកជំនន់។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិ ចុះបំពេញបេសកកម្មផ្ទាល់ ជាមួយអាជ្ញាធរតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ដោយ ផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ហើយក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារត្រូវបូកសរុប និងធ្វើរបាយការណ៍ជូនមករាជរដ្ឋាភិបាល៕ដោយ៖ស តារា

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print