អភិបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្លូវលេខ ២១៧ (ផ្លូវចំការដូង) ជិតរង្វង់មូលកួរស្រូវជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងហូរកាត់ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះថា ឥលូវនេះលោកបានបញ្ជាឱ្យក្រុមការងារបិទចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវលេខ ២១៧ នៅក្បែររង្វង់មូលកួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ និងប្រជាពលរដ្ឋ ខណៈស្ថានភាពជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវនេះយ៉ាងខ្លាំង។
សូមបញ្ជាក់ថា៖ ការជូនដំណឹងបឋមនេះក៏ជាការអំពាវនាវរបស់អាជ្ញាធរក្រុង ដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរកាត់កំណាត់ផ្លូវនេះ សូមមេត្តាវាងទៅផ្លូវផ្សេងដោយក្ដីអនុគ្រោះ ដើម្បីឱ្យអាជ្ញាធរ សមត្ថកិច្ច ងាយស្រួលធ្វើការជួយអន្តរាគមន៍ទៅលើប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយជំនន់ទឹកភ្លៀង។
ក្រោយពីកម្មវិធីសូត្រមន្តបុណ្យអង្គកឋិនទានហើយ នៅយប់ថ្ងៃទី១៤ ខែតុលានេះលោក ឃួង ស្រេង បានចុះទៅពិនិត្យស្ថានភាពទឹកលើផ្លូវ ២១៧ និងស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតផងដែរ ដើម្បីតាមតានស្ថានការណ៍ការពារកុំឱ្យពលរដ្ឋរងគ្រោះថ្នាក់ជាយថាហេតុ។ ដោយឡែក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារតាមដានស្ថានទឹកនៅទំនប់៧មករា ហើយនៅទីនោះមានក្រុមការងារប្រចាំការ២៤ម៉ោង លើ២៤ម៉ោងផងដែរ ដើម្បី តាមដានមុខព្រួញក្នុងតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹក ដើម្បីសម្រួលលំហូរបរិមាណជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀមលក្ខណ:កែលម្អបន្ថែមជាមុននឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅរាជធានី-ខេត្តទាំង៣ខាងលើ នាពេលដ៏ខ្លីខាងមុខ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print