​ជំនន់​ទឹកភ្លៀង ​នៅ​ប្រទេស​ឥណ្ឌា បានធ្វើឲ្យមនុស្ស​យ៉ាងតិច​៣០​នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ចាប់តាំងពី​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ២០២០ នៅ​រដ្ឋ Telangana ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​បណ្ដាល​ឲ្យ​ផ្លូវថ្នល់​ប្រៀប​ដូច​ទឹកទន្លេ យានយន្ត​លិច​កប់​បាត់​ទាំងស្រុង ហើយ​អគារ​ត្រូវ​ជន់​លិច​ស្ទើរ​ទាំងស្រុង​ផងនោះ ។ រហូតដល់ថ្ងៃទី១៤ខែតុលាម្សិលមិញនេះ បានធ្វើឲ្យមនុស្ស​យ៉ាងតិច​៣០​នាក់ បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​ជំនន់​ទឹកភ្លៀង​នេះ ​។

​ជាក់ស្តែងមនុស្ស​១៥​នាក់ ត្រូវបាន​រាយការណ៍​ថា​៖ ស្លាប់​ក្នុង​ទីក្រុង  Hyderabad នៃ​រដ្ឋ Telangana ក្នុងចំណោម​នោះ ក៏មាន​ទារក​អាយុ​២​ខែ​ម្នាក់​ផងដែរ ខណៈ​៩​នាក់​ផ្សេងទៀត បាន​បាត់​បង់ជីវិត​ នោិក្រោយ​ជញ្ជាំង​ធំ​ខ្ពស់​មួយ​បាន​បាក់​រលំ ហើយ​ដួល​លើផ្ទះ​ប្រជាជន​ចំនួន​១០​ទីតាំង​អំឡុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ពេញ​មួយ​យប់​។

ក្នុង​ហេតុការណ៍​ជំនន់​ទឹកភ្លៀង​នេះដែរ  ត្រូវបាន​រាយការណ៍ថា មនុស្ស​យ៉ាងតិច​៥​នាក់​បាត់​ខ្លួន ហើយ​ប៉ូលីស​កំពុង​តាមរក​ពួកគេ​។ ចំណែកប្រព័ន្ធចរន្តអគ្គិសនីវិញ ក៏​ត្រូវ​បានអាជ្ញាធរកាត់ផ្ដាច់​ផងដែរ ខណៈ​ភ្លៀង​បាន​ប៉ះពាល់​ដល់​បង្គោល​ភ្លើង​ និងដីស្រែ​ចម្ការ​របស់ប្រជាពលរដ្ឋរាប់ពាន់​ហិកតា ក៏​រង​ការ​ជន់​លិច​យ៉ាងដំណំ​ផងដែរ​។

ដោយឡែក លោកនាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី កាលពីថ្ងៃទី ១៤ ខែតុលាម្សិលមិញនេះ ផ្ដល់​ការធានា​ទៅកាន់​ថ្នាក់ដឹកនាំ​រដ្ឋ​នានា​ដែល​រងគ្រោះ​ថា ពួកគេ​នឹង​ទទួលបាន​គាំទ្រ​គ្រប់គ្រាន់​ពី​រដ្ឋាភិបាលកណ្តាល​។ ខណៈដែលរដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា លោក Amit Shah និយាយថាលោក​កំពុង​តាមដាន​ស្ថានការណ៍​ជំនន់​ទឹកភ្លៀង​ក្នុង​រដ្ឋ Telangana ហើយ​រដ្ឋាភិបាល តាំងចិត្ត​ផ្ដល់ជំនួយ​តាម​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាជន​ក្នុង​គ្រា​លំបាក​នេះ​។ នេះបើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ឥណ្ឌា NDTV ។

​បច្ចុប្បន្នកងកម្លាំង​សង្គ្រោះ​ឥណ្ឌា ក៏បានចេញប្រតិបត្តិការរុករកនិង​ជម្លៀស​ប្រជាជន​ជាង​១០០០​នាក់​ពី​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​រដ្ឋាភិបាល​រដ្ឋ Telangana បានប្រកាស​ថ្ងៃ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី​១៤​និង​ថ្ងៃទី​១៥ ហើយ​ទទូច​ឲ្យ​ពលរដ្ឋ​សម្ងំ​នៅក្នុង​ផ្ទះ ប្រសិនបើ​គ្មានអ្វី​ចាំបាច់​។

​គួរបញ្ចាក់ផងដែរថា បើតាម​យោងតាម​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ បានអះអាងថា មនុស្ស​ជាង​១០៣០​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ពាក់ព័ន្ធ​គ្រោះ​ជំនន់​ទឹកភ្លៀង ចន្លោះ​ពី​ខែមិថុនា និង​ពាក់កណ្ដាល​ខែកញ្ញា​កន្លង​ទៅ​។ ចំណែក មនុស្ស​ជាង​៩,៦​លាន​នាក់​នៅ​ពាសពេញ​តំបន់​អាស៊ី​ខាងត្បូង រង​ផលប៉ះពាល់​ដោយសារ​ទឺ​ក​ជំនន់​ធ្ងន់ធ្ងរ​ក្នុងឆ្នាំនេះ ខណៈ​មនុស្ស​រាប់ម៉ឺន​នាក់​ពិបាក​ក្នុងការ​ទទួលបាន​ថ្នាំសង្កូវ​និង​ស្បៀងអាហារ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print