ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿន ហើយរ៉ែចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រៀបដល់ដី រីឯរថយន្តបង្ករងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គឺរថយន្តបង្កម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-4617 បើកបរដោយបុរសម្នាក់ បានបើកក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សីុ ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រៀបដល់ដីចំនួន៥ផ្ទាំង ហើយរថយន្តបង្កបានគៀបជាប់និងរនាំងដែកនោះមិនអាចបន្តទៅមុខបាន ។
ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងនិងស្ទួចយករថយន្តបង្កនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕
...
ដោយ៖ សុុខា សែនជ័យ