រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹក​ថ្ងៃសុក្រ​ទី​១៦ ខែតុលា​ ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ នៅសាលាខេត្តកំពត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងបណ្ដាកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងភូមិសាស្ត្រខេត្តកំពត។

លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា​៖ នៅក្នុងភូមិសាស្រ្តខេត្តកំពត ភ្លៀងបន្តធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះដូចបណ្ដារាជធានី​ ខេត្ត​ ជាពិសេសខេត្តជាប់តំបន់មាត់សមុទ្រផងដែរ។ ប៉ុន្តែតាមការសង្កេតជាក់ស្ដែង​ និងរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្រុង​ ស្រុក ពុំមានជំនន់ទឹកភ្លៀងធ្វើឱ្យមានផលប៉ះពាល់ឬរងគ្រោះដោយគ្រោះមហន្តរាយអ្វីឡើយ។ នៅតាមដងព្រែកកំពត និងនៅទំនប់វ៉ារីអគ្គិសនីកំចាយ ក៏ពុំមានអ្វីគួរឲ្យព្រួយបារម្ភ នោះដែរ។

លោក បានបញ្ជាក់បន្ថែមថា នៅពេលនេះ រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈគ្រប់មធ្យោបាយ និងស្បៀងអាហារសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីហេតុការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើង។

ចំពោះបញ្ហានេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈគ្រប់មធ្យោបាយចូលរួមសហការគ្នា ឲ្យបានសស្រាក់សស្រាំនៅចំពោះមុខហេតុការណ៍កើតឡើងដោយចៃដន្យ យើងមិនត្រូវធ្វេសប្រហែសឬមើលស្រាលចំពោះបញ្ហាទឹកជំនន់នេះបានឡើយ។ ពិសេសអាជ្ញាធរក្រុង​ ស្រុក ត្រូវមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ត្រៀមលក្ខណៈគ្រប់មធ្យោបាយ ទាំងទូក និងទីទួលសុវត្ថិភាព ស្បៀងអាហារ ថ្នាំពេទ្យដើម្បីទុកជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅពេលជួបហេតុការណ៍ គ្រោះមហន្តរាយដែលអាចកើតមានឡើងដោយជំនន់ទឹកភ្លៀង គឺយើងមិនត្រូវទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់រងគ្រោះឬស្លាប់ដោយយើងមិនបានយកចិត្តទុកដាក់ជួយនោះឡើយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print