សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ លោក កឹម សុខា បានបរិច្ចាគថវិកា៥០០០ដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណជូនលោក កឹម សុខា និងភរិយា ដែលបានចូលរួមបរិច្ចាគនូវថវិកាចំនួន៥០០០ដុល្លារ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់។
សូមជម្រាបថា៖ នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅដោយសារគុណធម៌ដ៏ថ្លៃថ្លា របស់ជនរួមជាតិយើងដែលជានិច្ចកាលតែងតែបង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន»។
«ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះជំនួយជាថវិកាចំនួន៥០០០ដុល្លារ ដែលឯកឧត្តម និងលោកជំទាវ បានផ្តល់ជាកិច្ចជួយសម្រាល់ដល់ការដោះស្រាយផលវិបាកដោយសារទឹកជំនន់ ដែលកើតចេញពីគ្រោះធម្មជាតិក្នុងពេលបច្ចុប្បន្ន»។

សូមបញ្ជាក់ថា៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកា ចំនួន៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ សូមរម្លឹកថា៖ នាពេលកន្លងទៅលោក កឹម សុខា ក៏បានចូលរួមជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជាចំណែកដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងនៅកម្ពុជា ដូចជាជួយឧបត្ថម្ភ៥០០០ដុល្លារដល់កម្មវិធីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ និងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារបាក់រលំអគារនៅខេត្តកែបផងដែរ។

«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» តាមរយៈសប្បុរសជន គឺបានជួយសម្តេចតេជោ ហ៊ុន សែន៖ គិតត្រឹមម៉ោង៤:៥០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ថវិកាទទួលបាន​ $6,037,700ដុល្លារ និង204លានរៀល ពីសប្បុរសជនសម្រាប់ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print