ខេត្តស្វាយរៀង៖ អនុវត្តនូវវិធានការបង្ការជាមុន ក្នុងគោលដៅកាត់បន្ថយនូវផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនឹងមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃផងដែរ បានធ្វើការរៀបចំបាវដីខ្សាច់លើកជាទំនប់សម្រាប់ទប់ទឹកចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ។
លោកអភិបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយផលប៉ះពាល់នានាដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះឲ្យបានជាអតិបរមា ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ប្រកាន់ខ្ជាប់នូវអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ។ ក្នុងករណីមានការប្រឈមណាមួយកើតឡើងក្នុងអំឡុងពេលនេះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ ហើយរដ្ឋបាលខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដើម្បីជួយធ្វើអន្តរាគមន៍សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។
លោកអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញរៀបចំបាវខ្សាច់យកទៅទប់នៅ
មាត់រ៉ឺហ្គែរលូដើម្បីទប់ទឹកហៀរពីខាងក្រៅហូរចូលមកក្នុងក្រុងវិញ និងត្រៀមម៉ាស៊ីនបូមទឹកចំនួន២គ្រឿងដាក់នៅតាមទីតាំងសំខាន់ៗ ដើម្បីបូមទឹកចេញពីក្នុងក្រុង ក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកហូរចេញយឺត និងមានការជន់លិចកើតឡើង ។
សូមបញ្ជាក់ថា តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម វិសម្ពាធនិងសម្ពាធទាបដែលបណ្ដាលមកពីព្យុះទី១៧ ឈ្មោះ សូឌែល នឹងនាំឲ្យមានភ្លៀងធ្លាក់បន្តទៀតនាពេលខាងមុខ ដែលការណ៍នេះនឹងនាំឲ្យកម្ពស់ទឹកកាន់តែមានការកើនឡើង អាចបង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះហើយទើបនៅថ្ងៃនេះរដ្ឋបាលខេត្តបានចាត់វិធានការបន្ថែមទៀត រៀបចំបាវដីខ្សាច់លើកជាទំនប់សម្រាប់ទប់ទឹកនៅទីតាំងនេះ បន្ទាប់ពីបានលើកជាទំនប់ទប់ទឹករួចហើយនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង ដើម្បីបញ្ចៀសការជន់លិច និងបង្ការករណីទឹកហៀរហូរកាត់ផ្លូវដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ៕ ដោយ៖ យឹម សុថាន