អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី ដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ថា ដោយសារតែជំនន់ទឹកភ្លៀង នៅខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៉ី បានធ្វើឲ្យលិចលង់ផ្ទះប្រជាជនចំនួន ៩៤៦ខ្នងបានរងការខូចខាត ក្នុងចំណោមផ្ទះសរុបចំនួន ២,១៨០ខ្នង ។
ជាក់ស្តែង ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Raditya Jati បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី១៥ តុលាម្សិលមិញថា ជំនន់ទឹកភ្លៀងបានកើនឡើងខ្លាំងបំផុត ចាប់ពីយប់ថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ខណៈភូមិចំនួន២០ ក្នុងសង្កាត់ Garut នៃខេត្តWest Java ត្រូវបានជន់លិច និងមនុស្សប្រមាណជាង ៩ពាន់គ្រួសាររងផលប៉ះពាល់។
លោកប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានស៊ីនហួរថា៖«ដោយសារតែគ្រោះទឹកជំនន់នេះ មានមនុស្ស ២៣៨គ្រួសារ ត្រូវបានជម្រៀសទៅរកទីសុវត្ថិភាព។ ហើយជាសរុប មានប្រមាណ ២,៧៧៩គ្រួសារ ឬ ៩,១៧៧នាក់ រងផលប៉ះពាល់»។
បន្ថែមពីនេះទៅទៀត លោក Raditya Jati បានសង្កត់ធ្ងន់ថា មានផ្ទះប្រជាជនចំនួន ៩៤៦ខ្នងរងការខូចខាត ខណៈព្រះវិហារជាង ១០កន្លែងសាលារៀន ១២ខ្នង និងស្ពានចំនួន ១៨ រងការខូតខាតផងដែរ៕ដោយ៖ស តារា