អន្តរជាតិ៖ យោងតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា៖ គិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២៦១ករណី នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ដោយធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៤៨,៦៩៨ករណី។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាម្សិលមិញនេះ បានដកស្រង់ចេញផ្សាយពីនាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ២៩៤,១៦១នាក់ បន្ទាប់ពីមានអ្នកជំងឺ៣៨៥នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន៥០នាក់បានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦,៤៩៧នាក់។ រហូតមកទល់ពេលនេះ នាយកដ្ឋានសុខាភិបាលហ្វីលីពីន បានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សច្រើនជាង ៤លាននាក់នៅក្នុងប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រហែល១០៩លាននាក់។
ទាក់ទិននឹងបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃពុធទី១៤ តុលាសប្តាហ៍នេះថា រដ្ឋាភិបាលបានធានា នូវប្រភពថវិកាសម្រាប់ ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
លោក ឌូតឺតេ បានអះអាងថា ពលរដ្ឋដំបូងដែលនឹងទទួលវ៉ាក់សាំងគឺ ជនក្រីក្រ, ក្រុមអ្នកប្រយុទ្ធជួរមុខរួមមានសមាជិកប៉ូលិស និងយោធាក៏ត្រូវបានផ្តល់អាទិភាពផងដែរ ហើយលោកមានទំនុកចំពោះវ៉ាក់សាំងដែលកំពុងអភិវឌ្ឍដោយប្រទេសប្រទេសចិន និងរុស្ស៊ី ខណៈហ្វីលីពីនក៏ទំនងជាទិញវ៉ាក់សាំង ពីប្រទេសទាំងពីរនេះផងដែរ៕ដោយ៖ស តារា