អន្តរជាតិ៖ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់របស់អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថ្មីៗនេះថា៖ នៅចុងខែ១១ ឬខែ១២ ឆ្នាំ២០២០នេះ នៅពេលកម្ពុជា បានរៀបចំឧបករណ៍ និងកន្លែងសម្លាប់មេរោគផ្លែស្វាយរួចរាល់ នឹងអាចចាប់ផ្ដើមនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនបាន ដោយផ្ទាល់ជាលើកដំបូង។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បន្តថា បច្ចុប្បន្ននេះកម្ពុជាកំពុងតែនៅក្នុងដំណាក់កាលមួយ ធ្វើការសាងសង់កន្លែងសម្លាប់មេរោគ(ពងរុយ) ដែលបំផ្លាញមកលើផ្លែស្វាយ ដោយប្រើចំហាយទឹកក្ដៅ ឬដោយប្រើទឹកក្ដៅ ដោយមានក្រុមហ៊ុន ៦–៧ កំពុងចាប់ផ្ដើមសាងសង់។បន្ថែមពីនេះមន្រ្តីរូបនេះ អះអាងថា ក្រោយពីសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធរួចហើយ គឺយើងនឹងនាំចូលឧបករណ៍មកបំពាក់ ហើយចាប់ផ្ដើមធ្វើប្រតិបត្ដិការសម្លាប់មេរោគ នៅផ្លែស្វាយតែម្ដង។
មន្រ្តីដដែល បានថ្លែងថា៖ «នៅពេលដែលយើងមានផ្លែស្វាយ ហើយដំឡើងឧបករណ៍ និងទីតាំងសម្លាប់មេរោគរួចរាល់ យើងនឹងអញ្ជើញភាគីចិន មកពិនិត្យជាចុងក្រោយ ដើម្បីពិនិត្យថា ត្រូវទៅតាមស្ដង់ដារហើយឬនៅ ហើយការអនុញ្ញាតជាក់ស្ដែង មានលទ្ធភាព១០០ភាគរយឬអត់»។ ព្រោះបច្ចុប្បន្ននេះ កម្ពុជាមិនទាន់បាន ការអនុញ្ញាតនាំចេញជាផ្លូវការនៅឡើយទេ ប៉ុន្ដែជារួមប្រទេសចិន បានប្រកាសថា ប្រទេសចិនអាចនាំផ្លែស្វាយ ចូលពីប្រទេសកម្ពុជា នៅពេលលក្ខខណ្ឌចុងក្រោយ (កន្លែងសម្លាប់មេរោគ) ត្រូវបានបំពេញ។
មន្រ្តីអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងយ៉ាងដូច្នេះថា «នៅចុងខែ១១ ឬខែ១២ នឹងរួចរាល់…បើសិនជាផ្លែមានគុណភាពល្អ ហើយឧបករណ៍សម្លាប់មេរោគ រួចរាល់ នឹងអាចនាំចេញទៅកាន់ប្រទេសចិនបាន»។ ជាក់ស្តែងនៅពេលដែលភាគីចិន បានពិនិត្យរួចរាល់ និងពិនិត្យឃើញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ កម្ពុជានឹងអាចនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិនបាន។
គួររម្លឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនកាលពីកំឡុង ខែមិថុនា ឆ្នាំ២០២០។
បើតាមរយៈការចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។ ចំណែករបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ក៏បានបញ្ជាក់ថា រយៈពេល៩ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ សម្រេចបាន ៦២,៩២០.៥៦តោន មានកំណើន ១៥៨.៨៣%, ដែលក្នុងនោះ បាននាំចេញទៅកាន់ប្រទេសថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង៕ដោយ៖ស តារា