ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹង ព្រែកត្នោត៨៦៣គ្រួសារនៅក្នុងសង្កាត់រលួសបានមកទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនទៀត។ ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីព្រឹក ថ្ងៃទី១៧ តុលា ឆ្នាំ២០២០ នៅសាលាសង្កាត់រលួស ។
អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹងព្រែកត្នោតនៅសង្កាត់រលួសចំនួន៨៦៣គ្រួសារគឺក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ, ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ រឿងទឹកលិចនេះ អាជ្ញាធររាជធានីគិតពីសុវត្ថិភាពបងប្អូនជាចម្បង គឺរឿងអាយុជីវិតជារឿងសំខាន់ ទ្រព្យសម្បត្ដិចាំជួយសង្គ្រោះជាក្រោយ ដូច្នេះសូមបងប្អូនយោគយល់ផង។ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋមកនៅលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលសុខត្រូវ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដល់កងកម្លាំងគ្រប់ប្រភេទថែមទៀត។
សូមបញ្ជាក់ថា៖ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញឲ្យបិទផ្លូវជាតិលេខ៣ជាបណ្តោះអាសន្នដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារ ទឹកជំនន់។ ជាមួយគ្នានោះដែរ ក៏មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោនៅយប់ថ្ងៃទី១៣ ខែតុលា ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ, សង្កាត់ទៀន, សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ក្នុងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បាននិងកំពុងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួសតាមផ្លូវជាតិលេខ២១ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេកហ្វេសប៊ុករដ្ឋបាលខណ្ឌ ៕
សំរិត