ក្រោយគ្រូបង្រៀនម្នាក់ ត្រូវគេកាត់ក្បាល នៅជាយទីក្រុងប៉ារីស លោក ម៉ាក្រុង ប្រកាស៖«ថ្កោលទោសអំពើភេរវកម្ម»

ចែករំលែក៖

អន្តរជាតិ៖ ចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃបំផុត បន្ទាប់ពីមានករណីគ្រូបង្រៀនម្នាក់ ត្រូវគេកាត់ក្បាល នៅជាយទីក្រុងប៉ារីស បានធ្វើឲ្យប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃសុក្រទី១៦ ខែតុលាម្សិលមិញនេះ បានចាត់ទុកថាជា«ការវាយប្រហារដោយអំពើភេរវកម្ម» មិនតែប៉ុណ្ណោះមេដឹកនាំបារាំងរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ឈរជាធ្លុងមួយ និងសន្យាថារដ្ឋាភិបាលរបស់លោក នឹងចាត់វិធានជាបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនៈកិច្ចទៅកាន់អនុវិទ្យាល័យមួយនៅក្នុងតំបន់កុងហ្វ្លង់ ហ្សង់ អូណីនែន (Conflans-Sainte-Honineine) បានមួយម៉ោង បន្ទាប់ពីគ្រូបង្រៀនមា្នក់ត្រូវបានធ្វើឃាត ខណៈដែលគាត់កំពុងបង្រៀនសិស្ស អំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកប្រធានាធិបតីបារាំងបានបញ្ជាក់បន្ថែមថា ភេរវករដែលបានសម្លាប់គ្រូបង្រៀនរូបនោះ ដោយសារតែពួកគេចង់បំផ្លាញសាធារណរដ្ឋបំផ្លាញលទ្ធភាពនៃការធ្វើឲ្យមនុស្សជំនាន់ក្រោយ យល់ដឹងអំពីសេរីភាព។ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា ក្រុមភេរវករនឹងមិនបំបែកប្រទេសបារាំងបានឡើយ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កើតហេតុខាងលើ បានឲ្យដឹងថា ជនរងគ្រោះគឺជាគ្រូបង្រៀនប្រវត្តិសាស្រ្តអាយុ ៤៧ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថា លោកគ្រូរូបនេះបានបង្ហាញគំនូរជីវចលព្យាការីមហាម៉ាត់ ដោយអ្នកគោរពសាសនាអ៉ីស្លាមចាត់ទុកថា «ជាការប្រមាថ» ហើយបន្ទាប់មករូបគាត់ត្រូវបានសម្លាប់ ដោយកាត់ក្បាលតែម្តង។ ចំណែកជនសង្ស័យដែលបង្ករឿងនេះមានអាយុ ១៨ឆ្នាំ ត្រូវបានប៉ូលិសល្បាតប្រទះឃើញ នៅក្នុងតំបន់នោះជាមួយនិងកាំបិតជាភស្តុតាង។

សេចក្តីរាយការណ៍ដដែលបន្តថា ជនដៃដល់រូបនោះបានស្រែកថា «ព្រះជាម្ចាស់អស្ចារ្យណាស់» មុនពេលបើកការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយខាងលើបានរាយការណ៍ទៀតថា ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ ក្រោយពីជននោះបានតដៃ និងមិនព្រមឲ្យចាប់ខ្លួន។

សូមជម្រាបថា កាលពីដើមខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ហ្គែរ៉ាល់ ដាម៉ាណង់ (Gerald Darmanin) បានកត់សំគាល់ថា ហានិភ័យនៃការវាយប្រហារភេរវកម្មនៅក្នុងប្រទេសបារាំង នៅតែមានកម្រិតខ្ពស់បំផុត ដោយសារតែមនុស្សសរុបចំនួន ,១៣២នាក់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីនៃការព្រមានថ្នាក់ជាតិ ចំពោះភាពជ្រុលនិយមផ្នែកសាសនា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print