Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយ:ស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា  ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ដោយពុំមានការអនុញ្ញាត។

ការសុំទោសនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញប្រតិកម្មខ្លាំងៗពីមហាជនជុំវិញទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានយករូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាដាក់លើ Poster ផ្សព្វផ្សាយភាពយន្តភាគរបស់ខ្លួននោះ ពេលនេះភាគថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តនេះដោយពុំមានការអនុញ្ញាត។  

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថាភាពយន្តភាគរឿង សន្យាស្នេហ៍ នេះ គឺសាច់រឿងពុំមានជាប់ទាក់ទងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយហើយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃក៏បានលុបរូបប្រាសាទអង្គរវត្តចេញពីគ្រប់ការផ្សព្វផ្សាយទាំងអស់ក្នុងខ្សែភាពយន្តភាគរឿងនោះហើយ។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។  នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ដែលតែងយកចិត្តទុកដាក់ស្រឡាញ់ ថែរក្សា និងការពារនូវវប្បធម៌ជាតិ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

ទោះជាយ៉ាងណាចាងហ្វាងផលិតកម្មកថាជ័យលោក ហ៊ុយ យ៉ាឡេង ភាពយន្តបានលើកឡើងថាភាគីថៃ ចូលចិត្តលេងល្បិចខូច អាងអីចេញលិខិតសុំទោស  នេះជាលើកទីប៉ុន្មានហើយ គួរមានចំណាត់ការផ្អាកយករឿងរបស់ប៉ុស្តិ៍នេះមកចាក់ផ្សាយទៅ កុំឲ្យគាត់បានចិត្តពេក។

គួរបញ្ជាក់ដែរថា ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីរសម័យកាលគឺ សម័យបុរាណ និងសម័យបច្ចុប្បន្នលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង សន្យាស្នេហ៍សន្យាហ្លួង បានផ្ទុះចេញប្រតិកម្មខ្លាំងៗពីមហាជនក្រោយពីរូបភាពជាច្រើនសន្លឹកស្តីអំពីការផ្សព្វផ្សាយរឿងនេះមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។

អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។ទោះជាយ៉ាងណានេះមិនមែនលើកទី១ទេដែលលេចចេញការប្រតិកម្មលើក្រុមហ៊ុនផលិតភាពយន្តថៃបានប្រើប្រាស់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៧ ក៏ធ្លាប់លេចប្រតិកម្មស្រដៀងគ្នានេះបន្ទាប់ពីក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់ប្រទេសថៃ ១បានយករូបប្រាសាទអង្គរវត្តរបស់យើង ទៅដាក់ធ្វើជាផ្ទាំងនៅខាងក្រោយរូបភាពនៃការផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា «បួងសួងនាគរាជ»នោះ។

         

...

ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print