ខេត្តស្វាយរៀង៖ ម្ដាយនិងកូនប្រុសបានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យបុកគូទម៉ូតូកង់បីមួយគ្រឿងពីក្រោយបើកស្របទិសគ្នាពេញទំហឹងបណ្ដាលឱ្យដួលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៤៥នាទីរសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ១៤៧-១៤៨ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ភាគីបង្កហេតុបើកបរដោយឈ្មោះយ៉ន សុភាច អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រួមដំណើរដោយម្ដាយឈ្មោះនុត សុភាន អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកអ្នកបើកម៉ូតូកង់បីមានឈ្មោះពៅ ធារិត អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរលក់អំបិល មានទីលំនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានមនុស្សប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង១P-៩០៦៣នៅលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ស្រាប់តែជ្រុលទៅបុកម៉ូតូកង់បី ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង១P-២៣៨៦ស្របគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសទាំងម្ដាយនិងកូនត្រូវបានដឹកយកទោសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។
ចំពោះមធ្យាបាយធ្វើដំណើរវត្ថុតាងម៉ូតូទាំង២ គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ យឹម សុថាន