ដូចដែលបានព្យាករទុកការបោះឆ្នោតនៅក្នុងប្រទេសនូវែលហ្សេឡង់លោកស្រី Jacinda Ardern ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនាថ្ងៃទី១៧ខែតុលានេះ ។ ពលរដ្ឋបានពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកស្រី ពិសេសគឺការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណជិត៨០ភាគរយ គណបក្សពលកររបស់លោកស្រីJacinda Ardern ទទួលបានការគាំទ្រដល់ទៅ៤៩ភាគរយ។ ចំណែក គណបក្សជាតិ ទទួលបានការគាំទ្រតែ២៧ភាគរយប៉ុណ្ណោះ។
គណបក្សរបស់លោកស្រីJacinda Ardern ទទួលបានការគាំទ្រយ៉ាងតិច៦៤កៅអីក្នុងចំណោម១២០កៅអីក្នុងសភា។ ប្រសិនបើគណបក្សពលករទទួលបានការគាំទ្រ មានកៅអីក្នុងសភាជាងពាក់កណ្តាល គណបក្សនេះនឹងបង្កើតរដ្ឋាភិបាលដោយមិនចាំបាច់បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សផ្សេងទៀតឡើយ។
នាយករដ្ឋមន្ត្រីJacinda Ardern នឹងជំរុញឲ្យមានការកែទម្រង់ជាទ្រង់ទ្រាយធំដូចអ្វីដែលលោកស្រីបានសន្យាជាមួយពលរដ្ឋ ។ នៅក្នុងអាណត្តិទីមួយ លោកស្រីមិនបានអនុវត្តអស់ការសន្យារបស់ខ្លួននោះឡើយ ដោយសារតែគណបក្សពលកររបស់លោកស្រីត្រូវបង្កើតរដ្ឋាភិបាលចម្រុះ។
លោក Geofrey Miller អ្នកឯកទេសវិភាគនយោបាយមកពីមជ្ឈមណ្ឌល Democracy Project បានវាយតម្លៃថាជ័យជម្នះលើកនេះរបស់គណបក្សពលករ គឺជាជ័យជម្នះរបស់បុគ្គលអ្នកដឹកនាំដ៏ល្អទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋ។ លោកស្រី ដូចជាតារាមួយដួងទទួលបានការគាំទ្រខ្ពស់»៕