ខេត្តបន្ទាយមានជ័យ៖ មុននេះបន្តិច គិតត្រឹមម៉ោង ១១និង០០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងបន្ថែមចុះមកដល់ស្រុកថ្មពួកដើម្បីត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែងអំពីជំនន់ទឹកភ្លៀងដែលហូរចាក់ពីប្រទេសថៃ និងកំពុងឡើងយ៉ាងលឿននៅក្នុងស្រុកថ្មពួក ។
បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងកំពុងចុះប្រតិបត្តិការងារជួយអន្តរាគមន៍នៅទីនោះបញ្ជាក់ថា៖ ពេលនេះកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍បញ្ជាការដ្ឋានទ័ពពិសេស៩១១ កំពុងចុះជួយរើសដឹកជញ្ជូនអីវ៉ាន់ប្រជាពលរដ្ឋ និងជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពព្រមទាំងជួយដឹកសំភារៈផ្សេងៗចេញពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅយប់នេះថា៖ ទឹកនេះចាប់ចូលពីម៉ោង១១ព្រឹក ប៉ុន្តែការចូលនេះគឺចូលតិច ។ ទើបនៅពេលល្ងាចនេះ បានចូលច្រើន។ មានន័យថាក្នុងចំណោមច្រក៣ ទឹកបានចូលតាមច្រកចំនួន២។
ទី១-ចូលច្រើននៅពេលល្ងាចនេះ គឺច្រកអូរកាបុត ។
និងទី២-គឺច្រកតាមច្រកអូរបីជាន់ ។ ដោយឡែកច្រកអូរខៃដនមិនទាន់ជាច្រើននោះទេ ,។
លោកសំដែងនូវការ អរគុណក្រុមការងារ អាជ្ញាធរ កងកម្លាំងយើង ប្រឹង២៤ម៉ោងលើ២៤ម៉ោង ជួយប្រជាពលរដ្ឋ ដ៏សស្រាក់សស្រាំ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ៕
ដោយ៖ សុខ ខេមរា