រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃទី១៧ខែតុលាបានព្រមានថា នឹងចាប់ខ្លួនជនជាតិអាមេរិកនៅក្នុងប្រទេសចិន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនបញ្ចប់រាល់ការចោទប្រកាន់ទៅលើពលរដ្ឋចិននៅអាមេរិកថាជាប់ពាក់ព័ន្ធចារកិច្ចនោះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងជាច្រើនលើកបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនបញ្ចប់រាល់សកម្មភាពចោទប្រកាន់ទៅលើក្រុមអ្នកជំនាញរបស់ចិននៅអាមេរិក ។ កាលពីថ្ងៃទី១៤ខែតុលា ទឺប្រឹក្សាក្រសួងការបរទេសអាមេរិកបានព្រមានដល់ពលរដ្ឋរបស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសចិន។ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ចិនអាចចាប់ឃុំខ្លួន ពលរដ្ឋអាមេរិកគ្រប់ពេល។
រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ម្តងហើយម្តងទៀតទៅលើពលរដ្ឋចិននៅអាមេរិកថាបានធ្វើចារកិច្ច ផ្តល់ព័ត៌មានស្តីពីយោធាបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀតទៅឲ្យរដ្ឋាភិបាលចិន។
កាលពីខែកក្កដាក្រុម (FBI) បានចាប់ខ្លួនពលរដ្ឋចិន៣នាក់ដោយចោទប្រកាន់ថាបានលាក់បាំងអត្តសញ្ញាណរបស់ខ្លួនជាសមាជិកកម្លាំងទាហានចិន ពេលដាក់លិខិតស្នើសំុស្រាវជ្រាវនៅអាមេរិក។
កាលពីខែមុនទីក្រុងវ៉ាស៊ីនតោនបានដកហូតលិខិតឆ្លងដែនរបស់ជនជាតិចិនដល់ទៅ១០០០នាក់ ហើយមិនអនុញ្ញាតឲ្យក្រុមនិស្សិតចិនចូលមកទឹកដីអាមេរិកឡើយ។សកម្មភាពខាងលើត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ថ្កោលទោសយ៉ាងខ្លាំងថាជាការរំលោភបំពានសិទ្ធិពលរដ្ឋ៕
ដោយ៖ ធី រីណា