ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជាមួយនឹងវត្ថុតាងគ្រឿងញៀន៤កញ្ចប់ធំ និង២កញ្ចប់តូចជាប្រភេទថ្នាំគ្រវី។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ និងឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងវត្ថុតាងថ្នាំញៀនផងដែរ។ លុះស្អែកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបាន បន្តនាំជនសង្ស័យម្នាក់ខាងលើទៅយកវត្ថុតាងថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតរួមនឹងវត្ថុតាងផងដែរ។
លោកឧត្តមសេនីយ៍អូត ស៊ីវត្ថា ស្នងការខេត្តស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ជាអ្នកជួញដូរថ្នាំញៀនប្រភេទមេតំហ្វេតាមីន អាយ ចំនួន៤កញ្ចប់ធំ រួមនឹងថ្នាំគ្រវីចំនួន២ថង់តូច ត្រូវបានឃាត់ខ្លួន នៅចំណុចទីតាំងខុសគ្នា។
លោកស្នងការបានបន្តថា ករណីនេះសមត្ថកិច្ចនគរបាលខេត្តបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ និងកម្លាំងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ រហូតបង្ក្រាបបានជនសង្ស័យម្នាក់នៅវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិលើ សង្កាត់ស្រះឫស្សី ក្រុង /ខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបន្តនាំខ្លួនជនសង្ស័យម្នាក់ទៅយកថ្នាំញៀនដែលលាក់ទុកតាមចម្លើយសារភាព រហូតដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅផ្ទះជនសង្ស័យរួមនឹងវត្ថុតាងថ្នាំញៀន នៅចំណុចជិតច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ជាប់ព្រំប្រទល់កម្ពុជា-ឡាវបន្ថែមទៀត។
ជុំវិញរឿងនេះលោកចែម ផាណិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា: ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន២នាក់ មានប្រុសម្នាក់ និងស្រីម្នាក់គឺ
ទី១-ឈ្មោះ អុិន ថា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ។
ទី២-ឈ្មោះវ៉ាន ភូ ភេទប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកចែម ផាណិត បានបន្តទៀតថា: ក្រោយពីកម្លាំងជំនាញបានធ្វើការសាកសួររួចមក កម្លាំងសមត្ថកិច្ចបានបន្តនីតិវិធី នាំជនសង្ស័យខាងលើទៅយកថ្នាំញៀនដែលខ្លួនបានយកទុកនៅផ្ទះជិតព្រំដែនឡាវ សមត្ថកិច្ចបានរកឃើញថ្នាំញៀន(១គីឡូក្រាម)រួមជាមួយថ្នាំគ្រវីចំនួន (២ថង់តូច) នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ក្រោយមកជនសង្ស័យទាំង ២នាក់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា: គ្រឿងញៀនខាងលើនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ។
សូមបញ្ជាក់ថា: បច្ចុប្បន្ននេះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿង រួមទាំងវត្ថុតាងថ្នាំញៀន៤កញ្ជាប់ធំ រួមនិងថ្នាំគ្រវីចំនួន (២ថង់) បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕