គ្រូពេទ្យធ្មេញ ដែលបើកឡានបុកយុវជនម្នាក់រួចថយកិនបន្ថែមរហូតដល់ស្លាប់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ថា គ្រូពេទ្យធ្មេញ ដែលបើកឡានបុកយុវជនម្នាក់រួចថយកិនបន្ថែមរហូតដល់ស្លាប់ ត្រូវបានលោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ 

គ្រូពេទ្យធ្មេញរូបនេះ ឈ្មោះ យ៉ាន់ ណាលីណា ត្រូវបាន លោក សឿ ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពេទ្យធ្មេញ ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

បទ «ឃាតកម្ម» ចែងថា «អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺ ជាឃាតកម្ម ។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ» ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ឈានដល់ការអំពើឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង២៣៖៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ ថ្លែងថា ជនបង្កឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់ ។

តាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជនបង្កពិតជាមានចរិកសាហាវឃោរឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ៕

     

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print