អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ទទូច​ឲ្យ​លោក ស៊ូ​ហ្កា​លើក​កង្វល់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលលោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ដែលជា​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូងរយៈពេល​៤​ថ្ងៃ​របស់លោក ចាប់ពី​ថ្ងៃទី ១៨ ដល់ ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២០ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បាន​ទទូច​ឲ្យ​លោក ស៊ូ​ហ្កា​ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​វៀតណាម និង​ឥណ្ឌូណេស៊ី ឲ្យ​លើកស្ទួយ​បញ្ហា​សិទ្ធិមនុស្ស អំឡុង​ទស្សនកិច្ច​របស់លោក​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​ទាំងពីរ​នេះ​។

​ជាក់ស្តែងនៅក្នុង​លិខិត​មួយរបស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ​កាលពីថ្ងៃទី ១៦ ខែតុលា បាន​ទទូច​ឲ្យ​លោក ស៊ូ​ហ្កា​លើក​កង្វល់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ក្នុងប្រទេស​វៀតណាម​ទាំង​ក្នុងជំនួប​សាធារណៈ​និង​ឯកជន រួមមាន សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ដើរហើរ​ជាដើម​។ ជាមួយគ្នានោះ អង្គការ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នេះ ក៏បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​រូបនេះ​រិះគន់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជុំវិញ​ការបង្ក្រាប​លើ​សេរីភាព​ផ្នែក​សាសនា សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ជនជាតិភាគតិច​ជាដើម​។​

បើតាមការបញ្ជាក់ពីលោក Phil Robertson អនុប្រធាន HRW ប្រចាំ​តំបន់​អាស៊ី បាននិយាយថា៖«​ជប៉ុន គួរប្រើ​ឥទ្ធិពល​ខ្លួន​ក្នុងនាម​ជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាលរ​ដ្ឋា​ភិ​បាល​វៀតណាម​និង​ឥណ្ឌូណេស៊ី​ដាក់​សម្ពាធ​លើ​ប្រទេស​ទាំងពីរ​ឲ្យ​បញ្ឈប់​ការរំលោភបំពាន​សិទ្ធិមនុស្ស​»​។

​លោក Robertson បានលើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ១៨ ខែតុលាម្សិលមិញថា នាយ​យក​រដ្ឋមន្ត្រី ស៊ូ​ហ្កា គួរ​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា​សសរស្ដម្ភ​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​ជប៉ុន ដូចដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​មុន លោក ស៊ីន​ហ្សួ អា​បេបានធ្វើ​កន្លងមក​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​បរ​ទេស​លើកដំបូង​របស់លោក ស៊ូ​ហ្កា ក្នុងនាម​ជា​ប្រមុខរដ្ឋ​ភិ​បាលគឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​វៀតណាម និង​ឥណ្ឌូណេស៊ី​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស និង​ការពារ​សិទ្ធិមនុស្ស​របស់​ប្រជាជន​ពួកគេ​។

​សូមជម្រាបថា លោក​ស៊ូ​ហ្កា ​បាន​ទៅដល់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២០ ហើយ​​ជួប​ថ្នាក់​នាយករដ្ឋមន្ត្រី​វៀតណាមនៅ​ទីក្រុង ហាណូយ នៅ​ថ្ងៃ​ទី១៩ ខែតុលានេះ ​។ ក្នុងជំនួប​នេះ មេដឹកនាំ​ទាំងពីរ រំពឹង​នឹង​ព្រមព្រៀងគ្នា​សម្រប​ស​ម្រួ​ប​ការធ្វើដំណើរ​ឆ្លង​ព្រំដែន​ដើម្បី​ដឹកជញ្ជូន​បរិក្ខារ​ពេទ្យ និង​ទំនិញ​សំខាន់​ផ្សេងទៀត ហើយ​ជប៉ុន​ក៏​រំពឹង​សម្លឹង​ធ្វើ​ពិពិធ​កម្ម​ច្រវាក់​ផ្គត់ផ្គង់​នៅ​ចំពោះមុខ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​ផងដែរ​។ នេះ​បើតាម​ក្រសួងការបរទេស​ជប៉ុន ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ។

​គួរបញ្ជាក់ថា បើតាម​ការប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស​ជប៉ុន បានបញ្ជាក់ថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីជប៉ុនន ចាក់ចេញពី​ប្រទេសវៀតណាម លោក​នឹង​បន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២០ ខែតុលា ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រ​ធា​ធិបតី ចូ​កូ វី​ដូ​ដូ ដើម្បី​ជជែក​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ការធ្វើដំណើរ​រវាង​ជប៉ុន​និង​ឥណ្ឌូណេស៊ី ដែល​ផ្អាក​ដោយ​វិបត្តិ​កូ​វី​ឌ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវដែក និង​កំពង់ផែ​ជាដើម​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print