អន្តរជាតិ៖ ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំង COVID-19 ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រកាសថា ថ្នាំព្យាបាលជំងឺ COVID-19 ដែលមានសក្ដានុពលរាប់ពាន់ដូសមកពីប្រទេសរុស្ស៊ី ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសវេណេស៊ុយអេឡាហើយ។
បើតាមសារព័ត៌មាន Sputnik បានចុះផ្សាយនៅរសៀលថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះថា៖ ប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវេណេស៊ុយអេឡា) បានប្រកាសថា ថ្នាំប្រឆាំងវីរុសកូរ៉ូណាមួយប្រភេទ ដែលមានឈ្មោះថា អាវីហ្គែន (Avigan) ឬហ្វេវីភីរ៉ាវា (Favipiravir) រាប់ពាន់ដូសពីប្រទេសរុស្ស៊ី ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសវេណេស៊ុយអេឡាហើយ ដើម្បីធ្វើការជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ព្រោះគេជឿជាក់ថា វាមានសក្ដានុពលក្នុងការព្យាបាលអ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឱ្យជាសះស្បើយបាន។
សូមជម្រាបថា ថ្នាំប្រឆាំងវីរុសកូរ៉ូណា (COVID-19) នេះ នឹងផ្ដល់ជូនសម្រាប់ប្រជាជនវេណេស៊ុយអេឡាដោយឥតគិតថ្លៃ។ នេះបើតាមការអះអាងពីប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី កាលពីដើមខែតុលានេះក៏បានបញ្ជូនវ៉ាក់សាំង Sputnik-V ជំនាន់ទី ១ របស់ខ្លួនមកកាន់ប្រទេសវេណេស៊ុយអេឡាផងដែរ ដែលជាប្រទេសដំបូងបង្អស់នៅអាមេរិកឡាទីន ដែលបានចូលរួមក្នុងការធ្វើតេស្តដំណាក់កាលទី ៣ ឬចុងក្រោយនេះ៕ដោយ៖ស តារា