ខេត្តស្វាយរៀង៖ ក្រុមអាជីវករផ្សារប្រសូតិបានសម្ដែងការខឹងសម្បារទៅលើលោកថូម៉ាក់ប្រធានផ្សារប្រសូតិដែលបានបណ្ដោយអោយកូនចៅធ្វើផ្គរព្យុះភ្លៀងស្រេចតែអំពើចិត្តដោយបានយកភាស៊ីលើសសៀវភៅបន្ទុកមួយទ្វេជាពីរ។
យោងតាមក្រុមអាជីវករបានអោយដឹងថា ក្រុមអ្នកយកភាស៊ីដែលក្រោមការបញ្ជាពីលោកថូម៉ាក់តម្រូវអោយប្រជាពលរដ្ឋក៏ដូចជាអាជីវករបង់ភាស៊ីដោយម៉ូតូ១គ្រឿងតម្លៃ៥០០រៀល អ្នកភាស៊ីយក១០០០រៀល អ្នកលក់បន្លែមួយល្អីក្នុងសៀវភៅបន្ទុកឲ្យយកតម្លៃ២០០រៀលជាក់ស្តែងអ្នកភាស៊ី យកតម្លៃ ១០០០រៀល ត្រីមួយកញ្រ្ជែងឬកម្ពឹសកន្លះចានដែកតូចយក១៥០០រៀល ថ្លៃដី១០០រៀល ឆាត់៥០០រៀល ដែលសរុបមកអាជីវករក្នុងម្នាក់ ត្រូវចំណាយអស់ ២៦០០រៀល ក្នុងមួយព្រឹក ធ្វើឲ្យពួកគាត់អ្នកសេងយកមកលក់បន្ត គឺចំណេញត្រឹមតែបន្តិចបន្តួចថ្ងៃខ្លះ ខាតចូលដើមក៏មានដែរ ។
អាជីវករបានលើកឡើងបន្តទៀតថា ការយកតម្លៃភាស៊ីថ្លៃគឺជារឿងមួយ ប៉ុន្តែពួកគាត់នៅមានចម្ងល់ថា ថ្លៃភាស៊ីដែលពួកគាត់បានបង់ជារៀងរាល់ថ្ងៃ ដែលក្នុងនោះមានរួមទាំងថ្លៃអនាម័យផងនោះ តែហេតុអ្វីបានជាទុកគំនរសំរាមគរស្អុយតាមដងផ្លូវនិងជុំវិញផ្សារ និងក្នុងផ្សារមួយចំនួនផងដែរខណៈដែលអ្នកយកភាស៊ីមិនជួយសម្អាតឱ្យស្អាតផងនោះទេ។
ជាមួយគ្នានេះដែរ ក្រុមអាជីវករបាន សំណូមពរសុំឲ្យ អាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ដោះស្រាយឲ្យម្ចាស់ផ្សារលោកថូម៉ាក់និងលោកនិចសុនយកភាស៊ីផ្សារ យកសេវាតាមសៀវភៅបន្ទុក ! កុំប្រើហិង្សាលើអ្នកលក់ដូរមួយកញ្រ្ចែងមួយល្អីសម្រាប់ក្រពះរស់មួយថ្ងៃៗ។
ក្រុមអាជីវករក៏បានលើកឡើងទៀតថារាជរដ្ឋាភិបាលដែលបានដឹកនាំដោយសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំបានខិតខំកសាងប្រទេសតាំងពីបាតដៃទទេរអោយមានការរីកចំរើននិងបានកាត់បន្ថយភាពក្រីក្ររជូនប្រជាពលរដ្ឋបានមួយផ្នែកធំប៉ុន្តែអ្នកដែលធ្វើអោយប្រជាពលរដ្ឋក្ដៅក្រហាយនិងកាន់តែក្រនោះគឺលោកថូម៉ាក់ប្រធានផ្សារប្រសូតិបានធ្វើស្រែលើខ្នងរាស្ត្រជញ្ជក់ឈាមប្រជាពលរដ្ឋតាមរយៈគៀបយកភាស៊ីលើសសៀវភៅបន្ទុក។
ពាក់ព័ន្ធនិងករណីខាងលើនេះលោកថូម៉ាក់ប្រធានផ្សាប្រសូតិបានអោយដឹងនៅព្រឹកថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៦នេះថា លោកពិតជាទទួលស្គាល់ថាកូនចៅរបស់លោកពិតជាបានយកភាស៊ីលើសសៀវភៅបន្ទុកមែនដោយលោកបានសំអាងថាតំលៃទំនិញលើទីផ្សារមានតំលៃថ្លៃហើយណាមួយក្រុមអាជីវករខ្លះបានយកទំនិញដាក់លក់នៅខាងមុខផ្សារធ្វើអោយគ្មានរបៀបរាប់រយហើយសុខចិត្តអោយលុយអ្នកទាភាស៊ីលើសព្រោះលក់កន្លែងខាងក្នុងមិនសូវដាច់។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋបានលើកឡើងថា អោយតែផ្សារវិនិយោគរបស់លោកថូម៉ាក់មានភាពរញែររញៃលក់ដូរគ្មានសណ្ដាប់ធ្នាប់យកផ្លូវសាធារណៈលក់ដូរយ៉ាងអាណាធិបតេយ្យនិងយកភាស៊ីលើសសៀវភៅបន្ទុកជាដើមមិនត្រូវបានស្ថាប័នដែលពាក់ព័ន្ធអើរពើនោះទេ៕
ដោយ៖ យឹម សុថាន