អាជ្ញាធរ​ប្រទេស​វៀតណាម និង​ហ្វីលីពីន ត្រៀមលក្ខណៈ​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​អាច​បង្ក​ទឹកជំនន់​និង​បាក់​ដី​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអ្នកស្លាប់​ក្នុង​គ្រោះទឹកជំនន់ និង​បំណាក់​ដី​នៅ​វៀតណាម​ឡើងដល់ ១០៥​នាក់​ហើយ ដោយសារ​ឥទ្ធិពល​ព្យុះ​មុនៗ​។ពេលនេះអាជ្ញាធរ​ប្រទេស​វៀតណាម និង​ហ្វីលីពីន កំពុងត្រៀមលក្ខណៈ​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​អាច​បង្ក​ទឹកជំនន់​និង​បាក់​ដី​ក្នុងប្រទេស​ទាំងពីរ​នេះ។

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP និយាយថា ក្រុម​ជួយសង្គ្រោះ និង​មន្ត្រី​ទទួលបន្ទុក​គ្រោះមហន្តរាយ​ក្នុងប្រទេស​ហ្វីលីពីនកំពុង​ឈរ​ប្រចាំការ​ជានិច្ច ហើយក៏​ត្រៀម​ឧបករណ៍​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​រង់ចាំ​ការមកដល់​នៃ​ព្យុះ «​សូ​ដែល​» មកលើ​កោះ Luzon ។រដ្ឋធានី ម៉ានីល របស់​ហ្វីលីពីន ស្ថិត​លើ​កោះ Luzon នេះ ។ ខណៈភ្លៀង​ធ្លាក់​មិន​ឈប់ ក៏បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​ខ្លះ នៅ​ថ្ងៃទី ២០ ខែតុលាដែល​រាំងខ្ទប់​ផ្លូវជាតិ​មួយចំនួន ក្នុងប្រទេស​ហ្វីលីពីន​ផងដែរ​។

​ដោយឡែក បើតាមការព្យាកររបស់ទីភ្នាក់ងារ​ធាតុអាកាស​វៀតណាម បានបញ្ជាក់ថា ព្យុះ​សូ​ដែលមួយនេះ នឹង​មកដល់​តំបន់​ភាគ​កណ្ដាល​ខ្លួន នៅថ្ងៃទី​២៤ ខែតុលា ខាងមុខនេះ ដែល​នឹង​នាំយក​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បង្ក​ឲ្យ​គ្រោះទឹកជំនន់​កាន់តែ​អាក្រក់​។

​សូមជម្រាបថា ​ហេតុការណ៍​ជំនន់​ទឹកភ្លៀង និងបាក់​ដី ក្នុងអំឡុង​ខែតុលានេះ បានសម្លាប់​មនុស្ស​យ៉ាងតិច ១០៥​នាក់ ហើយ​ក្នុង​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ក្នុងនោះ​ប្រមាណ​១​ភាគ​៣​គឺជា​ទាហាន​ដែល​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ និង​ការបាក់​ដី​ចំ​បន្ទាយ​។ ចំណែកឯមនុស្ស​១៥​នាក់​ជា​កម្មករសំណង់ នៅ​បាត់​ខ្លួន​ក្រោយ​ត្រូវ​កប់​ក្រោម​ដី​ដែល​បាក់ស្រុត​ដោយសារ​ទឹកភ្លៀង កាលពី​សប្ដាហ៍​មុន​។

​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម បានបង្ហាញ​ថា ក្រៅពី​អ្នកស្លាប់​និង​បាត់​ខ្លួន ផ្ទះសម្បែង​យ៉ាងតិច​១៧៨ ០០​ខ្នង និង​ដំណាំ​ជិត​៧​ពាន់​ហិកតា ត្រូវបាន​ជន់​លិច​ខ្ទេចខ្ទី ខណៈ​សត្វ​ចិញ្ចឹម​៧០​ម៉ឺន​ក្បាល​បាន​ងាប់​ក្នុង​គ្រោះទឹកជំនន់​នេះ​។

​បើតាមទូរទស្សន៍​រដ្ឋ​របស់​វៀតណាម ក៏បានបង្ហាញដែរថា មនុស្ស​អង្គុយ​លើដំបូល​ផ្ទះ រង់ចាំ​ជំនួយ​ពី​ក្រុម​សង្គ្រោះ​ក្នុង​ខេត្ត Quang Binh ទី​ដែល​ទឹកជំនន់​បិទ​ខ្ទប់​ផ្លូវ​ធ្វើដំណើរ និង​កាត់ផ្ដាច់​អគ្គិសនី​។ ខណៈស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ប្រាប់​ទូរទស្សន៍ VTV  វៀតណាម​ពីលើ​ដំបូង​ផ្ទះ​អ្នកស្រី​ថា​៖«​ខ្ញុំ​អត់​មានអី​ហូប​តាំងពី​ម្សិលមិញ​។ យើង​គ្មាន​ស្បៀង គ្មាន​ទូរ​សព្ទនោះទេ​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print