ឥណ្ឌា​ នឹង​បញ្ចេញ​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 ដែល​ចេញ​លទ្ធផល​លឿន និង​មាន​តំលៃធូរថ្លៃ

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែល​ឥណ្ឌា​ កំពុងស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​COVID-19 ខ្លាំងជាងគេ​នៅលើ​ពិភពលោក ក្នុងពេល​ឆាប់ៗ​នេះ ឥណ្ឌា​នឹង​បញ្ចេញ​ឧបករណ៍​ធ្វើតេស្ត​រកជំងឺឆ្លង ដែល​ចេញ​លទ្ធផល​លឿន​និង​មាន​តំលៃថោក ​។ ហើយក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា វា​នឹង​ជួយ​កាត់បន្ថយ​ការ​រាតត្បាតមួយនេះ ។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចុះផ្សាយថា លោក Souvik Maiti  ដែលជា​អ្នកវិទ្យាសាស្ត្រ​ដែល​បង្កើត Feluda នៅឯ​នៃ​វិទ្យាស្ថានGenomics and Integrative Biology បាន​និយាយថា ការធ្វើ​តេស្ត​នេះ​មិន​តម្រូវ​ឲ្យ​មាន​ឧបករណ៍​ទំនើប ឬ​ក្រុមមនុស្ស​ដែល​ទទួល​ការបណ្តុះបណ្តាល​ខ្ពស់​ទេ​។

ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌា Harsh Vardhan បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថាFeluda អាច​នឹងត្រូវ​បញ្ចេញ​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Tata Group ។ ប្រសិនបើ​ជោគជ័យ​ខ្លាំង ឥណ្ឌា​នឹង​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​នៅលើ​ពិភពលោក​ដែល​ចាប់ផ្តើម​ប្រើប្រាស់​ឧបករណ៍​តេស្ត​បែបនេះ​។

​ចំណែកតម្លៃ​របស់ Feluda មិនត្រូវ​បានចេញ​ផ្សាយ​នោះទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា ការធ្វើ​តេស្ត​ម្ដង​អាច​ចំណាយ​ប្រហែល ៦.៨០ ដុល្លារ​អាមេរិក ដែល​ស្មើ​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ PCR ដែល​ធ្វើតេស្ត​នៅ​ទីក្រុង​ញូ​វ​ដេលី​។​

សូមជម្រាបថា ឥណ្ឌា​បាន​បង្កើត​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 មាន​ឈ្មោះថា Feluda ដែល​អាច​ផ្តល់​លទ្ធផល​ក្នុង​រយៈពេល​មួយ​ម៉ោង​តែប៉ុណ្ណោះ​។ ក្រុម​អ្នកស្រាវជ្រាវ​ឥណ្ឌា​មាន​សុទិដ្ឋិនិយម​ថា ការចំណាយ​ទាប​និង​ភាពងាយស្រួល​នៃ​ការប្រើប្រាស់​របស់ Feluda អាចជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​បង្ក​ជំងឺ​នៅតាម​តំបន់​ក្រីក្រ និង តំបន់​ដាច់ស្រយាល​។ Feluda ជា​ឈ្មោះ​អ្នកស៊ើប​ការសម្ងាត់​ម្នាក់​ក្នុង​ប្រលោមលោក​ឥណ្ឌា​។

បច្ចុប្បន្ននេះ ប្រទេស​ឥណ្ឌា​ធ្វើតេស្ត​រក COVID-19 ជាមួយនឹង​ការធ្វើ​តេស្ត RT-PCR ដែលមាន​ភាពត្រឹមត្រូវ​ខ្ពស់ ប៉ុន្តែ​ត្រូវការ​គ្រឿង​មន្ទីរពិសោធន៍​ដែល​ទំនើប​។ ចំណែក​ឧបករណ៍ antigen test ដែល​អាច​ផ្តល់​លទ្ធផល​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ដោយ​ចំណាយ​តិច ប៉ុន្តែ​មាន​ភាពត្រឹមត្រូវ​ទាប​ជាង​។ Feluda ជា​ឧបករណ៍​មាន​ផ្សំ​ដោយ​ក្រដាស ហើយ​រួមបញ្ចូល​ចំណុច​ល្អៗ​របស់​ឧបករណ៍​ទាំងពីរ​នេះ​តែម្ដង​។

​គួរបញ្ជាក់ថា គិត​មកដល់ពេលនេះ ឥណ្ឌា​មាន​អ្នក​ឆ្លង​ច្រើនជាង ៧.៥ លាន​នាក់​ដែល​ជាប់​លំដាប់ថ្នាក់​ទី ២ បន្ទាប់ពី​សហរដ្ឋអាមេរិក​។COVID-19 បាន​រីក​រាលដាល​ពី​ទីក្រុង​ធំៗ​ដែលមាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ ដូចជា​ទីក្រុង​មុម​បៃ​ទៅកាន់​សហគមន៍​ជនបទ​ដែល​សេវា​សុខាភិបាល​នៅមានកំរិត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print