ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងពីប្រវត្តិតស៊ូនិងជីវិតគ្រួសារក្នុងហ្វេសប៊ុកថាៈ នៅឆ្នាំ ១៩៧០ ខ្ញុំត្រូវបានតែងតាំងជាមេបញ្ជាការ កងវរសេនាតូច ស្ថិតក្នុងខេត្តកោះកុង។ ក្រោយពីកងទ័ពរំដោះ វាយកាន់កាប់បានមួយភាគធំ ក្នុងភូមិសាស្ត្រខេត្តកោះកុង គណ:ដឹកនាំខេត្ត ក៏បាន រៀបចំផែនការប្រមូលប្រជាជន ដែលបានភៀសខ្លួនទៅស្នាក់នៅប្រទេសថៃត្រឡប់មកវិញ ក្នុងនោះមាន យុវតី តៅ តឿន ផងដែរ។ នៅសម័យនោះ យុវតី តៅ តឿន ជាកូនរបស់មេដឹកនាំដែល បានចូលព្រៃធ្វើចលនាតស៊ូរំដោះជាតិ ហើយ ក្រោយរំដោះមកឪពុកយុវតី តៅ តឿន ត្រូវបានទទួល មុខងារជា គណ:ដឹកនាំបក្សខេត្តកោះកុង។ ហេតុ ដូចនេះហើយបានជា យុវតី តៅ តឿន ត្រូវរត់ភៀសខ្លួនទៅស្នាក់នៅប្រទេសថៃ ។ មុនត្រឡប់មកពីថៃវិញ យុវតី តៅ តឿន បានផ្ញើរូបថតមកមួយ សន្លឹក ដើម្បីអោយអ្នកដែលចាំទទួលបានចាំណាំមុខ។ ក្នុងពេលនោះ ខ្ញុំជាមេបញ្ជាការ ទទួលបន្ទុកពិនិត្យការងារ និងការបញ្ជាកម្លាំងនានា ដូច្នេះក្នុងករណីនេះ ក៏ត្រូវពិនិត្យមុនដែរ ពេលឃើញភ្លាម មនោសញ្ចេតនាចំលែកមួយខុសពី ប្រក្រតីក៏បានកើតឡើង ទីបំផុតរូបថតក៏បានធ្លាក់មកដល់ដៃខ្ញុំ និងរក្សាទុករូបថតនោះនៅនឹងខ្លួនឯង ។
យុវតី តៅ តឿន បានស្ម័គ្រចិត្តសុំចូលធ្វើការងារ ជានារីពេទ្យ ដោយបានប្តូរឈ្មោះ មកជានារី ពេទ្យ ហ៊ន ហើយត្រូវបានបញ្ជូនទៅបណ្តុះបណ្តាល និងចាត់តាំងអោយទៅបំពេញការងារ និងរៀនបន្ថែមព្រមទាំងនៅសមរភូមិមុខផងដែរ សម្រាប់ជួយព្យាបាលចល័ត ក្នុងលក្ខណះសង្គ្រោះបន្ទាន់។ ក្រោយមកប្រហែលជាភព្វវាសនា និងគូពីបុព្វកាល នារីពេទ្យ ហ៊ន ត្រូវបានចាត់តាំងមកប្រចាំការ នៅបញ្ជាការដ្ឋាន ដែលជាមូលដ្ឋានការងាររបស់ខ្ញុំ ហើយក៏បានព្យាបាលរបួសខ្ញុំជាច្រើនលើកច្រើនសា ដោយមានផ្គូរផ្គងពីចាស់ទុំទាំងសងខាង ទីបំផុតយើងទាំងពីរក៏បានចាប់ដៃគ្នារហូតមកដល់សព្វថ្ងៃ ។ សុខ ខេមរា







