លោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោល ឆ្លៀតឱកាសចាក់ដីលុបសមុទ្រ ខណៈថ្នាក់ដឹកនាំកំពុងមមាញឹករឿងទឹកជំនន់

ចែករំលែក៖

ខេត្តកែប៖ លោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឆ្លៀតឱកាសប្រើគ្រឿងចក្រចាក់ដីលុបសមុទ្រ ខណៈបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងមមាញឹកយ៉ាងខ្លាំងចុះទៅតាមបណ្តារាជធានី-ខេត្តដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់ ។

ប្រជាពលរដ្ឋបានបង្ហើបប្រាប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា លោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោលបានចាក់ដីលុបសមុទ្រទាំងបំពាន ខណៈដែលខ្លួនឯងគឺជាមន្ត្រីអនុវត្តច្បាប់បែរជាបំពានច្បាប់ទៅវិញ ។

ប្រជាពលរដ្ឋរស់នៅភូមិអំពែង ឃុំអង្កោល បានសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោកគង់ យន ថា «ខ្លួនឯងជាមន្ត្រីអនុវត្តច្បាប់ ហេតុអ្វីមិនធ្វើជាគំរូល្អ បែរជាធ្វើគំរូអាក្រក់ដល់ប្រជាជនបែបនេះ?»។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា បើប្រជាពលរដ្ឋសាងសង់តូបឬក៏ធ្វើអ្វីមួយនៅមាត់សមុទ្រវិញ ត្រូវតែសុំច្បាប់ឬ សុំច្បាប់ហើយអាជ្ញាធរមិនអនុញ្ញាតផង ចុះហេតុអ្វីបានជាលោក គង់ យន ហ៊ានដល់ចាក់ដីលុបសមុទ្រ ដោយមិនមានអ្នកណាមកហាមឃាត់ទាល់តែសោះនោះ?

ជុំវិញបញ្ហានេះ លោក ម៉ី ជី មេឃុំអង្កោល បានអោយដឹងថា មួយរយៈនេះគាត់មានជំងឺ ដោយគាត់បានប្រគល់ការងារឱ្យទៅ ជំទប់ទី១ ។ ចំណែករឿងលោកគង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោលចាក់ដីលុបសមុទ្រនេះលោកមិនគាំទ្រទេ ដោយក្នុងនាមខ្លួនគឺជាមន្ត្រីធ្វើអ្វីតាមតែទំនើងចិត្ត ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជាគំរូអាក្រក់ដែលមិនអាចទទួលយកបាន ។

ទោះបីយ៉ាងណា ពេលនេះយើងពុំទាន់អាចសុំការឆ្លើយតបពីលោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោលបានទេ ដោយសារគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង ។

បញ្ហានេះសង្ឃឹមថា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបដែលទើបឡើងតំណែងថ្មី នឹងបើកការស្រាវជ្រាវករណីនេះពុំខាន។ ប្រសិនបើមានករណីដូចបានរៀបរាប់ខាងលើពិតប្រាកដមែន សង្ឃឹមថា លោកអភិបាលខេត្តនឹងមានវិធានការតាមផ្លូវច្បាប់ កុំលើកលែងឱ្យឡើយ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print