ខេត្តស្ទឹងត្រែង៖ ជនល្មើសច្បាប់ដែលប្រើគ្រឿងចក្រចំនួនពីរគ្រឿងធ្វើសកម្មភាពលួចឈូសឆាយកាយព្រំដីរដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធុរាប់សិបហិកតា ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្ត ដឹកនាំដោយលោកវ៉ា សុផាន់ និងមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោកជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ចេញប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។
រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ គេនៅពុំទាន់ឃើញមានកម្លាំងសមត្ថកិច្ច ឬកម្លាំងរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកធ្វើការដឹក
ជញ្ចូនយកមករក្សាទុកនៅស្នាក់ការជំនាញណាមួយនៅឡើយទេ ដើម្បីចាត់ការតាមនិតិវិធី ក៏ដូចធ្វើការកោះហៅឬនាំខ្លួនជនប្រព្រិត្តបទល្មើសដែលគេស្គាល់ឈ្មោះ(ឌី)ជាម្ចាស់គ្រឿងចក្រ និងជាម្ចាស់ដីល្មើសច្បាប់ រស់នៅភ្នំពេញ ដែលជននេះជិះរថយន្តស៊េរីទំនើប ម៉ាកធុនដ្រា ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ2A-8865 យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់នៅឡើយនោះទេ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា ចំពោះអ្នកភូមិអ្នកស្រុកសូម្បីតែកាប់ឆ្ការព្រៃបន្តិចបន្តួច តាមកម្លាំង និងតាមលទ្ធភាពដែលអាចធ្វើបាន ខំប្រឹងជាច្រើនឆ្នាំមកទម្រាំបានដី១ហិកតាៗដើម្បីបង្កបង្កើនផលធ្វើកសិកម្មទុកគ្រាន់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ក៏ត្រូវសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ ក៏ដូចជាកម្លាំងមន្ត្រីបរិស្ថានមកហាមឃាត់ ដកហូតជាសម្បត្តិរដ្ឋ ដកនិងកាប់បំផ្លាញផលដំណាំពួកគាត់ និងរុះរើខ្ទមចម្ការចោល និងចាប់ឃាត់ខ្លួន ខ្លះទៀតបញ្ជូនឈ្មោះទៅតុលាការ ដើម្បីចោទប្រកាន់ទៅតាមផ្លូវច្បាប់ ហើយមានអ្នកខ្លះជាប់ពន្ធនាគារទៀតផង។ ចំណែកអ្នកមានលុយ អ្នកមានអំណាច ដាក់គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញដីព្រៃជម្រកសត្វព្រៃ និងយកដីព្រៃរបស់រដ្ឋរាប់សិបហិកតាជាកម្មសិទ្ធិ គេពុំដែលឃើញមានទោសទណ្ឌនោះឡើយ។ គេសង្កេតឃើញតែអ្នកក្រីក្រ គ្មានធនធានគ្មានលុយលូកប៉ាន់ទើបជាប់ពន្ធនាគារជាបន្តបន្ទាប់។ដូច្នេះពួកគាត់ស្នើសុំឱ្យតុលាការមេត្តាពិនិត្យ និងស៉ើបអង្កេតរឿងដីធ្លីនេះឱ្យបានច្បាស់លាស់មុននិឹងសម្រេចក្តី ជៀសវាងកំុឱ្យអ្នកក្ររងនូវភាពអយុត្តិធម៌។
ជុំវិញរឿងនេះលោកវ៉ា សុផាន់ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា ការចុះបង្ក្រាបគ្រឿងចក្រពីរគ្រឿងខាងលើ ដោយមានការសម្របសម្រួល ចង្អៀតចង្អល់បង្ហាញពីលោកជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបញ្ជាផ្ទាល់ពីលោកអ៊ូត ស៉ីវត្ថា ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងសហការជាមួយរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ធ្វើការចុះបង្ក្រាបដល់ទីតាំងដីខាងលើ គ្មានច្បាប់កាន់កាប់ស្របច្បាប់ឡើយ ដែលគ្រឿងពីរគ្រឿងកំពុងធ្វើសកម្មភាពជាក់ស្តែង ទើបឈានដល់ឃាត់និងបង្ក្រាបនៅទីតាំងតែម្តង។
លោកបន្តថា: ក្រោយការបង្ក្រាបរួចគ្រឿងចក្រទាំងពីរគ្រឿងខាងលើ ត្រូវបានប្រគល់ឱ្យទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនិីតិវិធី តាមការចង្អុលបង្ហាញពីរលោកព្រះរាជអាជ្ញា។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះគ្រឿងចក្រទាំងពីរគ្រឿងនៅនិឹងកន្លែងដដែល ព្រោះគ្រឿងចក្រនោះវាខូចបញ្ឆេះមិនឆេះ ទើបកម្លាំងសមត្ថកិច្ចជំនាញនៅយាមសិន ដោយមិនអាចយកចេញមកបាន។ លោកថា ខណ:ពេលមេឃកំពុងភ្លៀងរាល់ថ្ងៃផងនោះធ្វើឱ្យផ្លូវខូចបែកភក់ ផុងមិនអាចយកចេញបាន រង់ចាំរហូតដល់មេឃស្រឡះដីស្ងួតបន្តិច ទើបអាចយក
មកបាន។
លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទមកថា ករណីបង្រ្កាបគ្រឿងចក្រដែលឈូសឆាយយកដីព្រៃរបស់រដ្ឋរាប់សិបហិកតាខាងលើ ដោយខុសច្បាប់ចំនួន២គ្រឿងនោះ គឺខាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ជាអ្នកបង្រ្កាបបាននៅនិឹងកន្លែង ហើយទើបប្រគល់មកឱ្យខាងលោកដែលជាជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ រួចរាល់ហើយដែរ តែបច្ចុប្បន្ននេះនៅមិនទាន់បាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើនៅឡើយទេ ព្រោះគ្រឿងចក្រនោះក្រោយការបង្ក្រាបវាខូចដេមិនឆេះ ហើយត្រូវភ្លៀងរាល់ថ្ងៃធ្វើឱ្យផ្លូវចូលនោះបែកភក់ខ្លាំងយកចេញមិនទាន់បាន។
គួររំលឹកផងដែរថា: ក្នុងការបង្ក្រាបនោះប្រជាពលរដ្ឋបានសម្តែងការត្រេកអរ យ៉ាងខ្លាំងចំពោះចំណាត់ការរបស់ព្រះរាជអាជា្ញ និងសមត្ថកិច្ច និងមន្ត្រីជំនាញផងដែរ ទៅលើក្រុមដើរយកគ្រឿងចក្រវ៉ៃព្រៃ ខ្ចីដៃពលរដ្ឋឱ្យស៊ីឈ្នួល ឬក៏កាប់ឆ្ការផ្តួលរំលំព្រៃឈើរបស់រដ្ឋលក់ឲ្យខ្លួនបានលេសថាជាដីវាលនិងមានច្បាប់ រួចយកគ្រឿងចក្រចូលឈូសឆាយដីព្រៃនោះធ្វើជាកម្មសិទ្ធិ។ តែពួកគាត់រង់ចាំមើលដែរថា តើអ្នកមានលុយមានអំណាច ដែលមានគ្រឿងចក្រឈ្មោះ ឌី ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋរាប់សិបហិកតា និងជាម្ចាស់ដីនោះយកមកធ្វើជាកម្មសិទ្ធិ តើអាចរួចខ្លួនពីសំណាញ់ច្បាប់ទៀតដែរឬទេ ក្រោមចំណាត់ការរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខាងលើ។
ដោយ៖ មាស សុផាត