ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារពីសប្បុរសជនសមាគមអភិវឌ្ឍន៍ពាណិជ្ជជើជាំងចិននៅកម្ពុជាគិតជាទឹកប្រាក់១មុឺនដុល្លារ ដើម្បីបន្ដយកទៅចែកជូនដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ ថា ការចូលរួមផ្តល់ជាអំណោយមនុស្សធម៌នៅពេលនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជនដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋជាចាំបាច់។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សម្រាប់មិត្តចិន មិនថាតាមរយៈរដ្ឋាភិបាល វិស័យឯកជនឬអង្គការសមាគមនោះទេ ជានិច្ចកាលគឺតែងតែចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជានៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជាជួបទុក្ខលំបាកឬមានគ្រោះមហន្តរាយនានា។
នៅព្រឹកថ្ងៃដដែលនេះដែរ លោកអភិបាលរាជធានីក្នំពេញ ក៏បានទទួលអំណោយសប្បរសធម៌ពីមូលនិធិ ប៊ី អិន អាយ (BNI Foundatoin) ជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពក្នុងការបន្តជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ និងជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ។
ដោយឡែក កាលពីរសៀលថ្ងៃម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានទទួលអំណោយសប្បុរធម៌ជានំចំណីមួយចំនួនពីសប្បុរសជនក្នុងរាជធានីភ្នំពេញ សម្រាប់យកទៅបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះនៅតាមមូលដ្ឋានរាជធានី។
ជាមួយគ្នានោះ លោកអភិបាលរាជធានីក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ សប្បុរសជនជិតឆ្ងាយដែលបានចូលរួមឧបត្ថម្ភជាសម្ភារប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគសម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ពិសេសប្រជាពលរដ្ឋដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ លោកបានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកបំណងឡើយ។
សូមបញ្ជាក់ថា៖ គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យមានមនុស្សស្លាប់៣៦នាក់ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង៤១ម៉ឺននាក់ រួមទាំងកសិផល និងទ្រព្យសម្បត្តិផ្ទះសម្បែងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង៕ សំរិត