យកកាំបិតកាប់បុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់ក្រោយពីមានទំនាស់ជាមួយប្រពន្ធរបស់ខ្លួនឯង

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បន្ទាប់ពីមានទំនាស់ជាមួយប្រពន្ធខ្លួនឯងរួច មិនទាន់អស់កំហឹងពីក្នុងខ្លួនបានយកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ដែលកំពុងអង្គុយផឹកបណ្ដាលឲ្យរងរបួសធ្ងន់​ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី នៅចំណុចក្រោមផ្ទះរបស់ជនសង្ស័យ ក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡា ណារិទ្ធិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ចំណែកជនរងគ្រោះឈ្មោះ​ ចិត្ត ខ្ចៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ចំណែកវត្ថុតាងដកហូតបានមាន​ កាំបិតប៉័ងតោដងឈើចំនួន១(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុវេលាម៉ោងជាង១៧ជនរងគ្រោះបានផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ សៃ​ សាំងជាមួយប្រពន្ធជនសង្ស័យ រួមទាំងស្ត្រីម្នាក់ទៀតជាប្រពន្ធម្ចាស់ផ្ទះផងដែរ។ បន្ទាប់ពីផឹកនៅផ្ទះរបស់ឈ្មោះ សៃ សាំងរួច ជនរងគ្រោះ​ក៏បានទៅផឹកនៅផ្ទះជនសង្ស័យបន្តទៀតជាមួយប្រពន្ធជនសង្ស័យ រួមទាំងស្ត្រីម្នាក់ដែលផឹកជាមួយគ្នាទៀតផងដែរ។ រហូតមកដល់វេលាម៉ោង២១ ជនសង្ស័យបានមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ ព្រោះមានទំនាស់គ្នាមិននិយាយស្តីរកគ្នាជាង៣ខែមកហើយ។ លុះបានមួយសន្ទុះក្រោយមក ជនសង្ស័យបានកាន់កាំបិតបុ័ងតោដើរមកពីក្រោយជនរងគ្រោះដែលកំពុងអង្គុយផឹកស្រា រួចបានកាប់ជនរងគ្រោះចំនួន៤កាំបិតបណ្ដាលឲ្យរបួសចំកណ្ដាលក្បាលចំនួន១កន្លែង, របួសខ្នងខាងស្តាំចំនួន១កន្លែង, របួសកំប៉េះគូទខាងស្តាំចំនួន១កន្លែងនិងរបួសកែងជើងខាងស្ដាំចំនួន១កន្លែង ពេលធ្វើសកម្មភាពរួចជនសង្ស័យក៏គេចខ្លួនបាត់ទៅ។ ចំណែកជនរងគ្រោះត្រូវបានអ្នកផឹកជាមួយគ្នានិងញាតិជិតខាងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ រហូតដល់ថ្ងៃទី២២ខែឆ្នាំដដែល ប្រពន្ធជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញដើម្បីឱ្យចាត់ការតាមច្បាប់។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងរួចមក កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ ឡា ណារិទ្ធិយកមក ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print