ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ឲ្យដឹងនៅថ្ងៃ២៣ តុលានេះថា រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ឆ្នាំ២០២១ នេះដែលរាជរដ្ឋាភិ បាល បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀលដោយ ឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើស មន្ត្រីមានសមត្ថភាពនិងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។ ដូចឆ្នាំមុនដែរ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល សម្រាប់មូលនិធិថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន និងបានបន្តគ្រោងថវិកាចំនួន ៦ប៊ីលានរៀលសម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការស៊ីវិល នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។
ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកា ចំនួន៣០ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ការគ្រោងថយចុះនេះ សម្រេចបានជារួម ដោយសារគ្រប់ក្រសួងស្ថាប័នទាំងអស់ជាទូទៅគោរពបាននូវពិតានចំណាយគោល ដែលរាជរដ្ឋាភិ បាលបានផ្តល់ជូនសម្រាប់ចំណាយមិនមែនបន្ទុក បុគ្គលិក ក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ ក្នុងក្របខណ្ឌនៃការធ្លាក់ចុះនៃចំណូល និងក្នុងគោលដៅសន្សំធនធានសម្រាប់បន្តអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិជំងកូវីដ-១៩។
ចំណាយនេះមួយភាគធំ គឺមានមុខសញ្ញាចំណាយច្បាស់លាស់រួចហើយ តែតម្រូវឱ្យកត់ត្រូវ ក្នុងខ្ទង់ ចំណាយមិនទាន់បែងចែកនេះសិន ដោយសារការតម្រូវខាងទិដ្ឋភាពបច្ចេកទេស ដែលកំណត់ដោយ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន លើកលែងតែចំណាយត្រៀមបម្រុងសម្រាប់ គ្រោះមហន្តរាយធម្មជាតិ និងមុខចំណាយដូច រៀបរាប់ក្នុងមុខសញ្ញាផ្សេងៗទៀត។ ក៏ប៉ុន្តែចំណាយ មានមុខសញ្ញាច្បាស់លាស់នេះ នឹង ធ្វើការផ្ទេរភ្លាម ទៅតាមមុខសញ្ញា ចំណាយដែលបានគ្រោងទុក តាម នីតិវិធីហិរញ្ញវត្ថុ ក្រោយពេលដែលច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំចូលជាធរមាន។
លោក ផៃ ស៊ីផាន បានបន្តថា៖ ថវិកាឆ្នាំ២០២១ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ហើយអាចប្រសិទ្ធនាមបានថា ជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួត ប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន ៕ សំរិត