ចំនួនពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនកំណត់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន

ចែករំលែក៖

គិតមកដល់ល្ងាចថ្ងៃទី​២២ ខែតុលា មានពលរដ្ឋអាមេរិកដល់ទៅ ៣៤លាននាក់បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ តាមរយៈប្រៃសណីយ៍ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន​ពីមុនមក។
បើទោះបីការបោះឆ្នោតនៅសល់រយៈពេលជាងមួយសប្តាហ៍ទៀត​ក្តី ប៉ុន្តែសន្លឹកឆ្នោតត្រូវបានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់កើនឡើងខ្ពស់បំផុត ស្មើនឹង៩០ភាគរយនៃការបោះឆ្នោតមុនពេលកំណត់កាលពីឆ្នាំ​២០១៦​។ នៅមិនដល់រយៈពេល​១០ថ្ងៃទៀតទេដល់ការបោះឆ្នោត ដូច្នេះរយៈពេលនេះនឹងមានពលរដ្ឋអាមេរិកជាច្រើនទៀតទៅបោះឆ្នោត ក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិកពីចំនួនអ្នកបោះឆ្នោតមុនពេលកំណត់។
សារព័ត៌មាន​ The Washington Post បានផ្សាយថា រដ្ឋមួយចំនួននៅតំបន់ភាគខាងត្បូង​និងភាគ ឦសានអាមេរិក ដូចជា រដ្ឋ Alabama, Mississippi និង Virginia មានចំនួនអ្នកទៅបោះឆ្នោតមុនពេលកំណត់ខ្ពស់ជាងកាលពីឆ្នាំ​២០១៦។
ជាមួយគ្នានេះដែរ​តាមតួលេខរបស់ U.S. Elections Project បានឲ្យដឹងថា គិតមកដល់ល្ងាចថ្ងៃទី​២២ខែតុលា មានចំនួនពលរដ្ឋ​នាំគ្នាទៅបោះឆ្នោតមុនពេលកំណត់​ដល់ទៅ​ ៤៨,៥លាននាក់ស្មើ ៣៤,៥ភាគរយនៃចំនួនសន្លឹកឆ្នោតបោះកាលពីឆ្នាំ​២០១៦។
នៅរដ្ឋតិចសាស់ មានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់ច្រើនជាងគេបំផុត រហូតដល់ទៅ​៥,៩លានសន្លឹក បន្ទាប់មកគឺរដ្ឋកាលីហ្វ័រនីញ៉ា មានពលរដ្ឋទៅបោះឆ្នោត​៥,១លាននាក់ និង​រដ្ឋផ្លរីដាមាន​៤,២លាននាក់​។ ក្រៅពីនេះនៅមានរដ្ឋ​១៤ផ្សេងទៀតដែលមានពលរដ្ឋជាង​១លាននាក់ក្នុងរដ្ឋនិីមួយៗ ទៅបោះឆ្នោតមុនកំណត់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print