លោកត្រាំ ក្រោយចេញ​នយោបាយ​អន្តោប្រវេសន៍ បានធ្វើឲ្យកុមារ​ចំនួន​៥៤៥​នាក់ ស្វែងរកក្រុមគ្រួសារពុំទាន់​ឃើញ

ចែករំលែក៖

អន្តរជាតិ៖ កុមារ​ចំនួន​៥៤៥​នាក់ ពុំទាន់​អាច​រក​ឪពុកម្តាយ ឬ​គ្រួសារ​របស់ខ្លួន​ឃើញ​ឡើយ បន្ទាប់ពី​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ចេញ​នយោបាយ​អន្តោប្រវេសន៍​បំបែក​ឪពុកម្តាយ ឬ​គ្រួសារ ពី​កុមារ ក្រោយពេល​ឆ្លង​ព្រំដែន​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ី​កូ ចូល​ទឹកដី​អាមេរិក ។ នេះបើតាមការអះអាងពីមេធាវី និង​អង្គការ​រដ្ឋាភិបាល​ ។

​បើតាម​អង្គការសិទ្ធិមនុស្ស ACLU និង​ក្រុមហ៊ុន​មេធាវី​ មិន​យក​កម្រៃ​មួយចំនួន ត្រូវបាន​តុលាការ​ចាត់ការ​ងារ​ឲ្យ​ស្វែងរក​ក្រុមគ្រួសារ​របស់​កុមារ​ដែល​ត្រូវបាន​បំបែក​។ ឯកសារ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បាន​បង្ហាញថា មាន​កុមារ​ជាង ៤​ពាន់​២​រយ​នាក់ ដែល​អាច​ស្ថិតក្រោម​បញ្ជា​របស់លោក​ចៅក្រម​សហព័ន្ធ​ជួបជុំ​គ្រួសារ​វិញ​។ ចំណែក​ឯកសារ​របស់​តុលាការ ក៏បាន​បង្ហាញ​ដែរ​ថា មាន​កុមារ​ចំនួន​៥៤៥​រូប​ដែល ក្រុមការងារ​មិនទាន់​អាច​ស្វែងរក​ឪពុកម្តាយ ឬ​ក្រុមគ្រួសារ​ឃើញ​។​

សូមជម្រាបថា គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ដែល​បំបែក​ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ជា​ចំណុច​ចម្រូងចម្រាស​មួយ​ក្នុង​អាណត្តិ​របស់លោក​។ គោលនយោបាយ​នេះ រង​បណ្ដឹង​ជាច្រើន ហើយ​ចៅក្រម​តុលាការ​សហព័ន្ធ​អាមេរិក ក៏បាន​ចេញ​បញ្ជា ឲ្យ​រដ្ឋាភិបាល​អាមេរិក​ចាត់វិធានការ​យ៉ាងណា​ដើម្បី​ជួបជុំ​គ្រួសារ​ទាំងអស់នោះ​វិញ​។​

​បើតាមលោក Brian Morgenstern អ្នកនាំពាក្យ​សេត​វិមាន ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២១ ខែតុលា​និយាយថា​៖« យើង​បាន​ទាក់ទង​ក្រុមគ្រួសារ​របស់​កុមារ​ទាំងនោះ តែ​ជា​អកុសល​មាន​ឪពុកម្តាយ​មួយចំនួន​មិន​ព្រម​ទទួល​កូន​របស់ខ្លួន​មកវិញ​»​។

​អនុប្រធាន​គម្រោង​អន្តោប្រវេសន៍ ACLU លោក Lee Gelernt និយាយ​ដែរ​ថា កុមារ​ទាំងអស់នោះ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​នៅពេល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស ACLU បាន​អះអាង​ផ្ទុយ​ថា ក្រុមការងារ​ដែល​ទទួល​ការងារ​ពី​តុលាការ មិនទាន់​អាច​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​កុមារ​ទាំង​៥៤៥​នាក់​នោះឡើយ​។

​ដោយឡែក​ក្រុម​ការពារ​សិទ្ធិមនុស្ស Justice in Motion កំពុងធ្វើដំណើរ​ទៅ​ម៉ិ​ក​ស៊ិ​ក និង​តំបន់​អាមេរិក​កណ្តាល​ដើម្បី​ស្វែងរក​គ្រួសារ​របស់​កុមារ​ទាំងនោះ​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​សិទ្ធិមនុស្ស​ខាងលើ​អះអាងថា ការស្វែងរក​គ្រួសារ​របស់​កុមារ​ទាំងនោះ ជា​រឿង​ពិបាក និង​ចំណាយពេល​ច្រើន និង​កាន់តែ​ស្មុគស្មាញ​បន្ថែមទៀត​នៅពេល​មាន​ជំងឺឆ្លង COVID-19​។​

​បើយោងតាមទិន្ន័យ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បង្ហាញថា ​ក្នុង​ឆ្នាំ​២០១៧ គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក បាន​បំបែក​ជាង​១​ពាន់​គ្រួសារ​។ ក្នុងចំណោម​ជាង​១​ពាន់​គ្រួសារ​នោះ គ្រួសារ​របស់​កុមារ​ចំនួន​៥៥០​នាក់​ត្រូវបាន​ទំនាក់ទំនង ដែល​ក្នុងនោះ​មានគ្រួសារ​ចំនួន​២៥ ត្រូវបាន ACLU អះអាងថា អាច​នឹង​មកជួប​ជុំគ្នា​នៅ​ទឹកដី​អាមេរិក​វិញ​។​

​គួរ​បញ្ជាក់ដែរថា គោលនយោបាយ​អន្តោប្រវេសន៍​គ្មាន​ការអត់អោន​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ចាប់ផ្តើម​ជា​ផ្លូវការ​ពី​ខែមេសាដល់​មិថុនា​ឆ្នាំ​២០១៨​។ ប៉ុន្តែ​ការ​បំបែក​មនុស្ស​ធំ​ពី​កុមារ​ចាប់ផ្តើម​តាំងតែ​ពី​ឆ្នាំ​២០១៧​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print