ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ Chulalongkorn (Rama V) ត្រូវបានធ្វើឡើងនៅក្នុងព្រះបរមរាជវាំងក្នុងទីក្រុងបាងកក។ ក្រៅពីនេះព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធក៏ត្រូវបានធ្វើឡើងនៅតាមខេត្តក្រុងជាច្រើនទៀតទូទាំងប្រទេសដែរ។
សម្រាប់ព្រះរាជពិធីនៅក្នុងទីក្រុងបាងកកមានការចូលរួមពីសមាជិករដ្ឋាភិបាល ។ ក្នុងរូបភាព ព្រះមហាក្សត្រ Vajiralongkorn (Rama X) និងព្រះមហេសី Suthida បង្ហាញព្រះរាជវត្តមាននៅខាងមុខព្រះរាជវាំងដើម្បីជួបក្រុមអ្នកគាំទ្រ។
អតីតព្រះមហាក្សត្រChulalongkorn ប្រសូត្រនៅឆ្នាំ១៨៥៣ ហើយឡើងគ្រងរាជ្យដឹកនាំប្រទេសថៃនៅឆ្នាំ១៨៦៨ ក្រោយព្រះមហាក្សត្រ Mongkut ដែលជាព្រះបិតាចូលទិវង្គត។ ក្នុងរដ្ឋកាលដឹកនាំរបស់ព្រះមហាក្សត្រ Chulalongkorn គឺស្ថិតនៅក្នុងសម័យកាលប្រទេសថៃភាវូបនីយកម្មនិងការអភិវឌ្ឍក៏ដូចជារងគំនាបពីប្រទេសលោកខាងលិច។
ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ Chulalongkorn របបទាសករថៃត្រូវបានលុបចោល ហើយដឹកនាំប្រទេសតាមបែបលោកខាងលិច និងកែប្រែប្រព័ន្ធធនាគារ។ នៅពេលនេះគឺជាខួបគម្រប់១១០ឆ្នាំថ្ងៃចូលទិវង្គតរបស់ព្រះមហាក្សត្រ Chulalongkorn។
ព្រះរាជពិធីបុណ្យខួបធ្វើឡើងក្នុងពេលដែលពលរដ្ឋធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាល អូសបន្លាយជាច្រើនសប្តាហ៍កន្លងមក ក្នុងរដ្ឋធានីបាងកក ក្រុមបាតុករទាមទារឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចុះចេញពីតំណែង និងកែទម្រង់រដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ៕