ខេត្តពោធិ៍សាត់ ៖ ឧបករណ៍កែច្នៃចាប់ត្រីប្រភេទ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាល្អិត នៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កើតមានច្រើនដែលជនមិនស្គាល់មុខយកទៅចាប់ត្រីរដូវហាមឃាត់ហើយសមត្ថកិច្ចបង្រ្កាបមិនចេះអស់។
តែមកដល់ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះបាន សហការបង្រ្កាបដោយបំផ្លាញចោលនូវឧបករណ៍វត្ថុតាងទាំងនោះ និងចាក់លែងត្រីចូលបឹងទន្លេសាបជាច្រើនផងដែរ ។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថាកាលពីថ្ងៃសុក្រ ៧កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០មន្រ្តីជំនាញរដ្ឋបាលជលផលខេត្ត សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ចុះទៅបង្រ្កាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយបំផ្លាញចោលនូវឧបករណ៍វត្ថុតាង និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ(ទន្លេសាប)ជាច្រើនគីឡូក្រាមវិញផងដែរ ។
សេចក្តីរាយការណ៍ដដែលបន្តទៀតថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចជំនាញជលផលបានសហការគ្នា ចុះពិនិត្យ និងបង្រ្កាបកន្លែងដដែលនេះម្ដងហើយ ដោយបំផ្លាញចោលនូវឧបករណ៍វត្ថុតាង និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ(ទន្លេសាប)ដូចគ្នាជាច្រើនគីឡូក្រាមផងដែរខណ:ឧបករណ៍កែច្នៃចាប់ត្រីកើតមានខួបប្រាំងខួបវស្សាមានដូចជា របាំងស្បៃមុង និងរបាំងសាច់អួននេះ មានច្រើនស្អេកស្កះខ្វែងខ្វាត់ពេញទន្លេ។ បញ្ហានេះដែរគេមើលឃើញថា ការបង្រ្កាបពីសំណាក់សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធហាក់គ្មានប្រសិទ្ធភាពនោះទេ ពោលគឺការបង្រ្កាប ប្រៀបដូចវែកចកអ៊ីចឹង៕
ដោយ÷ បុឹម ពិន