កូវីដ​-១៩ អាចសម្លាប់ពលរដ្ឋអាមេរិក​កន្លះលាននាក់

ចែករំលែក៖

ក្រុមអ្នកឯកទេសនៅអាមេរិក ពេលថ្មីៗនេះ បានព្យាករថា នឹងមានពលរដ្ឋអាមេរិកដល់ទៅ​១៣០ពាន់នាក់ត្រូវបានជួយសង្គ្រោះពីក្តីស្លាប់ដោយកូវីដ​-១៩ ប្រសិនបើ បណ្តារដ្ឋ​អនុវត្ត​ច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ។
ជំងឺកូវីដ​-១៩ អាចសម្លាប់ពលរដ្ឋ​អាមេរិកយ៉ាងតិចកន្លះលាននាក់​​ គិតមកដល់ចុងខែកុម្ភៈឆ្នាំ​២០២១ ប្រសិនបើរដ្ឋាភិបាលអាមេរិក មិនមានវិធានការទប់ស្កាត់បានល្អនោះ ទេ។ ការព្យាករខាងលើ របស់មជ្ឈមណ្ឌល​វាយតម្លៃសុខភាព (IHME) នៃមហាវិទ្យាល័យ​វ៉ាស៊ីនតោន ដែលបានប្រកាសកាលពីថ្ងៃទី​២៣ខែតុលា​។
នៅពេលនេះដែរ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ធំៗចំនួន ២ បានចាប់ផ្តើមឡើងវិញហើយ នៅលើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលបានបង្ហាញពន្លឺនៃក្តីសង្ឃឹម ខណៈចំនួនករណីឆ្លងបានកើនឡើងខ្ពស់កប់ពពកនៅទូទាំងប្រទេស។
សារព័ត៌មាន CNA នៅទី២៤ ខែតុលា ឆ្នាំ២០២០ បានផ្សាយថា​ ក្រុមហ៊ុនឱសថ (AstraZeneca) បានប្រកាសឲ្យដឹងថា ការធ្វើតេស្តលើបេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ដែលត្រូវបានអភិវឌ្ឍរួមជាមួយសាកលវិទ្យាល័យ អក់ស្វឺដ (Oxford) បានចាប់ផ្តើមឡើងវិញហើយ បន្ទាប់ពីត្រូវបានផ្អាកក្រោយអ្នកចូលរួមម្នាក់ ធ្លាក់ខ្លួនឈឺកាលពី ៦សប្តាហ៍មុន។ ក្រុមហ៊ុនបានបញ្ជាក់ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃនេះបានអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅសហរដ្ឋអាមេរិក។
កម្មវិធីធ្វើតេស្តវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គឺជាគម្រោងដ៏លេចធ្លោមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន ១០ផ្សេងទៀត ដែលកំពុងធ្វើតេស្តលើមនុស្សរាប់ម៉ឺននាក់ នៅក្នុងការសាកល្បងដំណាក់កាលទី៣ និងជាដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍវ៉ាក់សាំង។ ក្រុមហ៊ុនបានលក់ជាមុននូវវ៉ាក់សាំង ក្នុងតម្លៃរាប់រយលានដុល្លារ ទៅឲ្យប្រទេសជាច្រើន ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនដទៃទៀត ដើម្បីធានាឲ្យប្រាកដថា វ៉ាក់សាំងអាចផលិតនៅក្នុងស្រុកបានផងដែរ៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print